យោធាក្លែងក្លាយ ២នាក់ ពាក់ស័ក្ដិ៤ និងស័ក្ដិ៥ បង្អួតអ្នកភូមិ ត្រូវប៉េអឹមឃាត់ខ្លួន
បាត់ដំបង ៖ បុរសពីរនាក់ ដែលតែងតឺនុយឯកសណ្ធានយោធា ម្នាក់ពាក់ស័ក្ដិ៤ និងម្នាក់ទៀតពាក់ស័ក្ដិ៥ បង្អួតអ្នកភូមិរាល់ថ្ងៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា ជនទាំងពីរនាក់នេះ គ្មានអង្គភាព និងជាយោធាក្លែងក្លាយ។ ការឃាត់ខ្លួនធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនក្លែបន្លំជាយោធាទាំងពីរនាក់នោះ ម្នាក់ឈ្មោះ កាន់ យ៉ុង អាយុ៥០ឆ្នាំ មានមុខរបរ «ឃួងអណ្ដូងទឹក» រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងម្នាក់ទៀតឈ្មោះ សួង តារា អាយុ៣៩ឆ្នាំ មានមុខរបរ «លក់ដូរ» នៅភូមិគោកក្ដូច ឃុំតាពួង ស្រុកថ្មគោល ។ ជនទាំងពីរនាក់នេះ ត្រូវបានកម្លាំងមន្ទីរជំនាញ នៃបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយស៊ើបអង្កេតដឹងថា ជនទាំងពីរនាក់បានបន្លំខ្លួនធ្វើជាមន្ត្រីយោធាក្លែងក្លាយ ។
ពាក់ព័ន្ធនឹងមន្ត្រីសេះហោះ ២នាក់នេះ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកគេមិនធ្លាប់ឃើញជនពីរនាក់ខាងលើនេះ តឺនុយឯកសណ្ធានយោធាទេ។ គេធ្លាប់ឃើញតែជនម្នាក់ ស៊ីឈ្នូលឃួងអណ្ដូងទឹកឲ្យគេ ប៉ុន្តែមួយរយៈចុងក្រោយ ស្រាប់តែគេឃើញគាត់តឺនុយយោធា ម្នាក់ពាក់ស័ក្ដិ៤ និងម្នាក់ទៀតពាក់ស័ក្ដិ៥ ។
ប្រភពដដែលបានបន្តថា អ្នកភូមិឆ្ងល់គ្រប់គ្នា ដោយសារមួយប៉ព្រិចភ្នែកសោះ អ្នកឃួងអណ្ដូង និងអ្នកលក់ដូរ ទាំង២នាក់នេះ បានធ្វើជាកងទ័ព ហើយថែម បានពាក់ស័ក្ដីធំៗ បង្អួតអ្នកភូមិរាល់ថ្ងៃ ធ្វើឲ្យអ្នកភូមិឆ្ងល់ខ្សិបខ្សៀវតៗគ្នា រហូតបែកធ្លាយដឹងដល់សមត្ថកិច្ច ចុះមកឃាត់ខ្លួនល្មម។ យ៉ាងណាក្ដី បើតាមមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា ជនទាំងពីរនាក់ខាងលើនេះ ពិតជាបានពាក់ឯកសណ្ធាន បន្លំធ្វើជាយោធាមែន។ ពេលនេះ មន្ត្រីជំនាញ កំពុងសួរនាំដើម្បីចាត់ការតាមនីតិវិធីហើយ៕