ឯកឧត្ដម ស្វាយ សំអ៊ាង ណែនាំឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យល្បែងផ្សងសំណាងក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង, ការតាមដាន, ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឲ្យបានទាន់ពេល ចំពោះល្បែងផ្សងសំណាង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង

ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង ការតាមដាន ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឱ្យបានទាន់ពេល ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបនិង លុបបំបាត់ភាពមិនប្រក្រតីទាំងនោះ ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា​បច្ចុប្បន្នប្រភេទល្បែងផ្សងសំណាង ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការនៅកម្ពុជា រួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក និង ឆ្នោតឡូតូ ដែលជាប្រភេទល្បែង មានប្រវត្តិដំណើរការ តាំងពីយូរលង់មកហើយ និង ជាប្រភេទល្បែងដែលផ្អែកលើសំណាងសុទ្ធសាធ ។

ឯកឧត្ដម ស្វាយ សំអ៊ាង គូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលដ៏រហ័សនាពេលបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុម ជនមួយចំនួន ធ្វើប្រតិបត្តិការល្បែងផ្សេងសំណាង ក៏ដូចជា ល្បែងស៊ីសងជាច្រើនប្រភេទ ដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្រ្តជាច្រើនរូបភាព សំដៅបិទបាំងនូវការលួច-លាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ មានជាអាទិ៍ ៖ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) ឆ្នោតអនឡាញ និងល្បែងជល់មាន់តាមអនឡាញជាដើម, នៅតាមទីតាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់ការអនុញ្ញាត ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន។

ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហាល្បែងស៊ីសង និងឆ្នោតផ្សងសំណាង ខ្ញុំសូមណែនាំឲ្យចាត់វិធានការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ ក្រុមហ៊ុនល្បែងផ្សងសំណាង និងឡូតូជាដើម ដែលមានអាជ្ញាប័ណ្ណ ហើយជាពិសេសមិនត្រូវឲ្យមានបង្កើតថ្មី ។ ដោយឡែកចំពោះក្រុមហ៊ុនដែល ផុតអាជ្ញាប័ណ្ណ គឺត្រូវតែបញ្ចប់ និងបញ្ឈប់មិនឲ្យធ្វើសកម្មភាពបន្តទៀតឡើយ» ។

លើសពីនេះឯកឧត្ដម ស្វាយ សំអ៊ាង បានលើកឡើងថា បញ្ហាគ្រឿងញៀនក៏ត្រូវតែធ្វើការពង្រឹងត្រួតពិនិត្យទប់ស្កាត់ ដោយសម្អាត តាមរយៈការចាប់ផ្ដើមធ្វើតេស្តរកសារធាតុញៀន ចេញពីមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ហើយក្នុងករណីរកឃើញសារធាតុញៀនក្នុងខ្លួន ត្រូវអនុវត្តវិធានការច្បាប់ និងបណ្ដេញចេញពីក្របខណ្ឌ ។ ឯកឧត្ដមក៏បានណែនាំឲ្យពង្រឹងការស្រាវជ្រាវ មុខសញ្ញាឧក្រឹដ្ឋជនជួញដូរគ្រឿងញៀន ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ ។

ទន្ទឹមគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព តាមរយៈការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ក៏ដូចជាល្បែងស៊ីសងជាដើម ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋាន ។ ឯកឧត្ដមបន្តថា ករណីក្មេងទំនើង ត្រូវចាត់វិធានការអប់រំណែនាំ ធ្វើយ៉ាងណាឲ្យមានការរៀងចាល និងខ្លាចលែងប្រព្រឹត្តតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open