ឯកឧត្តម ហេង សួរ​ ៖ ការ​អភិវឌ្ឍ​ជំនាញ គឺជាគន្លឹះ​រួមចំណែក​ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគបន្ថែម និង​ជា​ជ​ន្ទុ​ល​ប្រែ​ក្លាយជា​ប្រទេស​រីកចម្រើន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​កសាង​សមត្ថភាព​ពលរដ្ឋ​កម្ពុជា​ឱ្យ​ក្លាយជា​កម្លាំង​ពលកម្ម​ជំនាញ​ដែល​មាន​ផលិតភាព​ខ្ពស់​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម និង​ជា​ជ​ន្ទុ​ល​ដ៏​រឹង​មាំ​សម្រាប់​កម្ពុជា​ប្រែ​ក្លាយជា​ប្រទេស​រីក​ចម្រើន​នា​ពេល​ខាង​មុខ​ ។

ថ្លែងក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត “​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត​”​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​ ១១ ខែមីនា ឆ្នាំ​ ២០២៤ នា​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម ហេង សួរ ​បានអោយដឹងថា ការ​បណ្តុះបណ្តាល​ជំនាញ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​សម្បូរ​ដោយ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគ​បរទេស​ដែល​កំពុង​បង្វែរ​ការ​បោះទុន​មក​កាន់​តំបន់​អាស៊ី​អាគេ្នយ៍ ហើយ​តាម​រយៈ​ជំនាញ​របស់​ពលរដ្ឋ និង​ការ​វិនិយោគ​នេះ កម្ពុជា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ​២០៥០ ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​រំលេច​ក្នុង​ពិធី​ប្រកាស​ដែរ​ថា ការ​អភិវឌ្ឍ​ជំនាញ គឺ​ពិតជា​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​ ១ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន ដែល​នឹង​ជួយ​ដោះស្រាយ​គម្លាត​ជំនាញ និង​កង្វះខាត​ជំនាញ​ក្នុង​ឧស្សាហកម្ម​ដែល​ជា​ជ​ន្ទុ​ល​ដ៏​រឹង​មាំ​សម្រាប់​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ជំនាញ​ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds