គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៦០% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះហើយ

កំពត៖ ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាពដោយសម្រេចបាន ៦០%ហើយ។
ដំណើរចុះពិនិត្យនេះ អមដំណើរដោយអនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងមានការចូលរួមពីភាគីក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្វាងចូវវ៉ានអាន ដោយបានពិនិត្យធ្វើតេស្តដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុងACស្រទាប់ទី១( 439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ACទី១(លទ្ធផល4,2cm-5cm) ដើម្បីអនុញ្ញាតឱ្យបន្តការងារទៅមុខទៀត។
ក្រោយពីបានចុះពិនិត្យផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ លទ្ធផលការងារជារួម នៃគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ សម្រេចបាន៦០ភាគរយហើយ។ នៅដំណាច់ខែ មិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១ និងទី២ និងរួចរាល់ដែល អាចឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរបានទៅមកដោយរលូន ហើយការងារផ្សេងៗទៀតដូចជា៖ ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត នឹងអាចនឹងបញ្ជប់នៅចុងឆ្នាំ ២០២៤នេះ ដោយ បញ្ចប់មុនកិច្ចសន្យា១ឆ្នាំ។
សូមជម្រាប់ជូនថា៖ ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds