ក្មេងស្រីវ័យ១៣ឆ្នាំ បានធ្លាក់ចូលទៅក្នុងប្រឡោះជញ្ជាំងផ្ទះជាប់មិនអាចចេញរួច រយៈពេលច្រើនម៉ោងទាំងនាងពិការជើងម្ខាង
ក្មេងស្រីវ័យ១៣ឆ្នាំ បានធ្លាក់ចូលទៅក្នុងប្រឡោះជញ្ជាំងផ្ទះជាប់មិនអាចចេញរួច រយៈពេលច្រើនម៉ោងទាំងនាងពិការជើងម្ខាង ត្រូវបានមន្ត្រីជំនាញសង្គ្រោះអោយរួចផុតជីវិតផងដែរ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលមួយកន្លែង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ត្រីម្នាក់ដែលជាអ្នកជួលបន្ទប់នៅក្បែរបន្ទប់របស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល ខ្ទង់ម៉ោង៦ល្ងាច គាត់បានលឺសំឡេងក្មេងស្រីយំ តែគាត់មិនបានចាប់អារម្មណ៍ប៉ុន្មាននោះទេ លុះសំឡេងយំកាន់តែលឺឡើងៗគាត់ក៏បានដើរទៅក្បែរជញ្ចាំង ដើម្បីស្តាប់សំឡេងនោះ ក៏លឺចេញពីក្នុងជញ្ចាំងទើបទៅមើលអោយអស់ចិត្ត ក៏ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះ កំពុងជាប់នៅចន្លោះជញ្ជាំងផ្ទះ២ ដែលមានគម្លាតពីគ្នាប្រមាណជាងមួយចំអាមដៃប៉ុណ្ណោះ ។
ឃើញដូចនេះ គាត់ក៏បានទៅប្រាប់អ្នកភូមិដែលរស់នៅទីតាំងខាងលើ ដើម្បីជួយគ្នាទាញយកក្មេងស្រីរងគ្រោះចេញមកក្រៅ តែមិនអាចជួយបាន ព្រោះចំណុចដែលនាងធ្លាក់ចូលនោះពិបាកសម្រាប់ខ្លួនមនុស្សចូលទៅជួយណាស់ ហើយសភាពក្មេងស្រីដែលបានធ្លាក់ចូល នោះ គឺគាត់មានពិការភាពស្រាប់ ដោយពិការជើងខាងស្តាំ ពេលដែលអ្នកភូមិអើតមើលនាងនៅមានសង្ឃឹមជួយបាន ព្រមទាំងកំពុងតោងរបងសំណាញ់យ៉ាងជាប់ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ដើម្បីសុំជំនួយពីមន្ត្រីជំនាញផងដែរ ។
បន្ទាប់ពីជាប់ក្នុងជញ្ជាំងរយៈពេល៣ម៉ោង ទើបដំណឹងនេះបានលឺដល់មន្ត្រីជំនាញ និងបានបង្កការភ្ញាក់ផ្អើលដល់អ្នកយកព័ត៌មានចុះមកផ្សព្វផ្សាយព្រោងព្រាតផងដែរ។
ក្រោយទទួលដំណឹងនេះភ្លាម គេឃើញវត្តមានរបស់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វត្តមានរបស់កងសង្គ្រោះ៧១១ កម្លាំងអាវុធហត្ថ អធិការខណ្ឌទួលគោក បានចុះមកដល់ទីតាំង និងបានធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះក្មេងស្រីខាងលើភ្លាមៗផងដែរ ។
នៅទីបំផុត ក្មេងស្រីពិការជើងខាងស្ដាំ វ័យ១៣ឆ្នាំរូបនោះ ត្រូវបានក្រុមសង្គ្រោះ៧៧១ ធ្វើការវា.យជញ្ជាំងតាមជំនាញ និងសង្គ្រោះបានដោយសុវត្ថិភាព នៅវេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំដដែល គ្រាន់តែមានរបួសស្រាល និងត្រូវបានមន្ត្រីជំនាញលើកដាក់ហ្វ្រង់ការរុញចូលរថយន្តសាម៉ុយ ដើម្បីបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាធ្វើការព្យាបាលភ្លាមៗផងដែរ ៕