រដ្ឋមន្ត្រីមហាផ្ទៃ ស្នើអភិបាលរាជធានី ខេត្ត ជួយសម្រួលក្នុងការចុះបញ្ជីដីធ្លីដល់ពលរដ្ឋ

ដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត ណែនាំដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ឱ្យជួយសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់។ នេះបើតាមលិខិតជម្រាបទៅអភិបាលរាជធានី-ខេត្ត របស់ក្រសួងមហាផ្ទៃចុះនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

លោក ស សុខា បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លីរួមមាន៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។

កន្លងមក ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី-ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក-ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណងចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលវត្ថុឱ្យបានច្បាស់លាស់ និងជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds