កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបនៅស្រុកបាកាន
(ខេត្តពោធិ៍សាត់)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងកន្លែងអភិរក្សជលផលលេខ០២ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដោយប្រើប្រាស់កម្លាំងសរុប០៩នាក់ និងកាណូតចំនួន០២គ្រឿង។
លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើនិងបំផ្លាញចោល(បរ) របាំងស្បៃមុងប្រវែង១២០០ម៉ែត្រ(២០ខ្សែ), លូកងស្បៃមុងចំនួន៤០មាត់, បង្គោលចំនួន ២៥០ដើម, ត្រីល្អិតទំងន់៣០គីឡូក្រាមនឹងបានចាក់លែងត្រីល្អិតចំនួន៣០គីឡូក្រាមចូលក្នុងទន្លេវិញ៕