សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអតីតរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៣ ជំនាន់ទៀតផងដែរ ដូចជា : លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ឯកឧត្តម ឃុន ហាំង ទីប្រឹក្សារាជរដ្ឋាភិបាល,​ ឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយស មន្រ្តីរាជការនៃក្រសួងអធិការកិច្ច សរុបចំនួនប្រមាណជាង ៣០០នាក់ នារសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។
សម្តេចកិត្តិបណ្ឌិតក៏បានបន្តទៀតថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងភាពសម្បូរណ៍បែបនៅលើគេហទំព័រ ឬបណ្តាញសង្គមផ្សេងៗ យើងសង្កេតឃើញថា មិនមែនត្រឹមតែស្ត្រី និងក្មេងស្រីទេ ដែលកំពុងរងការប្រឈមក្នុងបរិបទនៃសម័យឌីជីថល គឺមនុស្សគ្រប់ភេទ គ្រប់អាយុ សុទ្ធតែកំពុងទទួលរងផលប៉ះពាល់ពីបច្ចេកវិទ្យា។ «កុំថាឡើយតែអ្នកពេញវ័យ សូម្បីតែកុមារ ពួកគេសុទ្ធតែចេះប្រើទូរស័ព្ទ កុំព្យូទ័រ និងថាប្លេត គឺពួកគាត់អាចស្វែងរកបាននូវអ្វីដែលជាតម្រូវការរបស់ពួកគាត់»។ «នៅក្នុងសម័យឌីជីថលនេះ ការប្រឈមរបស់ស្ត្រី និងក្មេងស្រីគឺមានជាច្រើនពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗជាដើម ដែលទាំងនេះធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាច្រើន ដោយសារគ្នាមិនសូវមានការយល់ដឹង ដូច្នេះហើយទើបធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងការចាញ់បោកគេ» ។ កត្តាទាំងអស់នេះ គឺត្រូវទាមទារឲ្យអាណាព្យាបាលទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការតាមដាននូវរាល់ សកម្មភាពនៃការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រឬថាប្លេតផ្សេងៗ របស់កូនៗ ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds