ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម ត្រូវបានដុតកម្ទេចចោល
(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។
បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី។
ការដុតកម្ទេចនេះស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនិងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ។