ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំភ្លឺលើករណីការប្រើប្រាស់ឧបករណ៍នេសាទ«របាំងសាច់អួន» នៅក្នុងតំបន់«កន្លុកបាយក្អែក» នៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
រដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីបំភ្លឺ៤ចំណុច ជុំវិញការផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការដាក់របាំងសាច់អួន និងលបនៅក្នុងបឹងទន្លេសាប។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលជលផល បានអះអាងថា៖
១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្លុកបាយក្អែក” នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។
២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុងរដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាពធំទូលាយនិងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណីនៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្ដល់លទ្ធភាពឱ្យពួកគាត់អាចរកត្រីបានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡានិងប្រវែងរបាំងសាច់អួន តែងតែត្រូវបានត្រួតពិនិត្យជារឿយៗ។
៣. ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡានិងប្រវែងរបាំងសាច់អួនស្របតាមច្បាប់ស្តីពីជលផល។ ទន្ទឹមគ្នា រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធតែងតែត្រួតពិនិត្យទំហំក្រឡានៃរបាំងសាច់អួន និងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ បើតាមរដ្ឋបាលជលផល ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែលនៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្ដាច់យកចេញរួចហើយ។
៤. មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់និងរក្សាភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែលច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់។ ជាលទ្ធផលគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អួន និងស្បៃមុងប្រវែង១, ៦៥០,៦១៧ម៉ែត្រ លបនិងលូ១៥,២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់១,៤៧៣គ្រឿង អួនអូស ទឹកសាប៥៣វង់ អួនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្នក់រួមផ្សំភ្លើង១២៧គ្រឿង និងឈិបយន្ត២៣គ្រឿង។
បើតាមរដ្ឋបាលជលផល ការបំភ្លឺនេះមានគោលដៅជម្រាបឱ្យសាធារណៈជនបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់កន្លុកបាយក្អែក ជៀសវាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាននិងកំពុងអនុវត្តច្បាប់ស្តីពីជលផល៕