រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការផ្សាយពីផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង
រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានសង្គមរបស់គណនីហ្វេសប៊ុកផេកឈ្មោះ KHMER ដែលមានខ្លឹមសារថា ៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់.. កម្ពុជាអើយ តទៅមុខទៀតទៅជាយ៉ាងណាទៅ ។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបំភ្លឺថា ឃុំកំពង់លួង ជាឃុំបណ្តែតទឹកដែលមានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។ យ៉ាងណានៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ ចំណែកនៅរដូវទឹកស្រកវិញ ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។
«ទន្ទឹមនឹងមានការបន្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្តែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលាទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។ ដោយឡែក ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ ហើយអាជ្ញាធរ និងមន្រ្តីជំនាញបានធ្វើការគ្រប់គ្រង់យ៉ាងម៉ត់ចត់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋបាលខេត្តពោធិ៍សាត់៕