ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា​ ៖ កម្ពុជា នឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះឡើយ

ស្របពេលដែលរាជរដ្ឋាភិបាល សម្រេចក្នុងការផ្អាកសាច់បង្កក មិនអនុញ្ញាឱ្យនាំនាំចូលមកកម្ពុជា រយៈពេល៦ខែក៏ដោយប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា​ អះអាងថា ប្រទេសកម្ពុជា នឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះឡើយ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថា បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការនាំចូលសាច់បង្កក ចូលមកកម្ពុជារយៈពេល៦ខែ ពោលគឺចាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះក៏ដោយ ក៏កម្ពុជានឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះដែរ។

លោកថា «មូលហេតុដែលកម្ពុជាមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារ នេះក៏ដោយសារតែ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានណែនាំឱ្យក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយជំរុញ និងលើកទឹកចិត្ត ដល់ប្រជាកសិករ ក៏ដូចជា អ្នកចិញ្ចឹមសត្វ ទាំងអស់ បង្កើនការចិញ្ចឹមសត្វរបស់ខ្លួនឱ្យបានល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នាពេលខាងមុខនេះ»

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះបន្ថែមទៀតថា កន្លងមក កម្ពុជាមិនដែលខ្វះខាតសាច់សត្វ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះទេ ផ្ទុយទៅវិញ កម្ពុជាក៏បាននាំចេញសាច់សត្វចិញ្ចឹមទៅក្រៅប្រទេស ផងដែរ។ ជាមួយគ្នានេះដែរ លោក ស្រ៊ុន ពៅ ក៏បានអំពាវនាដល់ប្រជាកសិករ អ្នកចិញ្ចឹមសត្វ សូមកុំបាក់ទឹកចិត្ត ទោះបីជាកន្លងមកការចិញ្ចឹមសត្វត្រូវខាតបង់ខ្លះក៏ដោយ ប៉ុន្ដែសូមប្រឹងប្រែងបន្តទៀត ដើម្បីជំរុញដល់វិស័យការចិញ្ចឹមសត្វ នៅកម្ពុជា និងជួយឱ្យសេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើន បន្តទៅទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds