មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រកឃើញថា ពុំមានអ្វីខុសឆ្គងនោះទេ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ឆ្លងកាត់តាមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក គ.ជ.ប រកឃើញថា ពុំមានអ្វីខុសឆ្គងនោះទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយជិតបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ, លោក តុប ឬទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃ គ ជ ប បានថ្លែងថា បន្ទាប់ពីគណៈកម្មាធិការបោះឆ្នោតរាជធានី-ខេត្តនីមួយៗ បានបញ្ជូនលទ្ធផលតាមមណ្ឌលនីមួយៗ រួមក គ.ជ.ប បានរៀបចំបែងចែកជា៨ក្រុម ដើម្បីត្រួតពិនិត្យ។ សម្រាប់ការត្រួតពិនិត្យនេះគឺត្រួតពិនិត្យទៅលើទម្រង់១១១០ ទម្រង់១១១១ និងទម្រង់១១១៤។

លោកថា៖ ក្នុងការត្រួតពិនិត្យនេះដែរបើសិនទម្រង់ទាំង៣នេះ មិនមានទិន្នន័យណាមួយខុសឆ្គងអ្វីទេ គឺយើងនឹងធ្វើការបូកសរុបបញ្ចូលទៅក្នុង១១១៧ នេះជានីតិវិធី។ ទោះបីយ៉ាងណា បើក្នុងករណីដែលការត្រួតពិនិត្យទម្រង់ទាំង៣នេះ ហើយឃើញថា មិនស៊ីគ្នា គឺយើងនឹងឈានដល់ដំណាក់កាលត្រួតពិនិត្យទៅលើកញ្ចប់ ១១០២ ,១១០១ និង១១០៨ថែមទៀត។ ទាំងនេះ គឺជានីតិវិធីដែល គ.ជ.ប ត្រូវធ្វើ និងពិនិត្យមើល។ ការត្រួតពិនិត្យជិតបញ្ចប់នេះឃើញថាលទ្ធផលនេះពុំមានអ្វីខុសឆ្គងទេ។ អ្វីដែលគណៈកម្មាធិការរាជធានី-ខេត្ត ត្រួតពិនិត្យមកនេះឃើញថាត្រឹមត្រូវទាំងអស់

លោកបានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គណបក្សដែលនាំមុខច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា ដោយនាំមុខទាំងភូមិភាគទាំង៨។ ក្រោយការត្រួតពិនិត្យ ផ្ទៀតផ្ទាត់រួចនៅថ្ងៃនេះ អគ្គនាយកដ្ឋាននឹងដាក់ឱ្យ គ.ជ.ប ត្រួតពិនិត្យនៅថ្ងៃទី២៩ ខែកុម្ភៈខាងមុខ។ ក្រោយ គ.ជ.ប សម្រេច និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃខាងមុខនេះ ។

លោក តុប ឬទ្ធី បានគូបញ្ជាក់ថា ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្នរួចហើយ គ.ជ.ប នឹងទុកពេលវេលាឱ្យគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតទាំងនេះមានសិទ្ធិដាក់ពាក្យប្តឹងតវ៉ារយៈពេល ៧២ម៉ោង ក្រោយការបិទផ្សារលទ្ធផលបណ្តោះអាសន្ននេះ និងបើក្នុងករណីមិនមានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការតែម្តង។ សម្រាប់ការប្រកាសនេះ គឺធ្វើឡើងតាមសំឡេងគណបក្សនីមួយៗទទួលបានអាសនៈ និងស្រង់បេក្ខជនជាប់ឆ្នោតតែម្តង។

សូមជម្រាថា យោងតាមលទ្ធផលបឋមការប្រកាសរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបាន ៥៥អាសនៈ (១០,០៥២សំឡេង) គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១,៣៩៤សំឡេង)។ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds