តំណាងអយ្យការកំពុងពិនិត្យសំណុំរឿងជនជាតិចិន ៣នាក់ ទាក់ទិនគ្រឿងញៀនប្រមាណ ១៦គីឡូក្រាម
ភ្នំពេញ៖ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា សំណុំរឿងជនជាតិចិន ៣នាក់ទាក់ទិនគ្រឿងញៀនប្រមាណ១៦គីឡូក្រាម ដែលនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ហាញមុខ បន្ទាប់ពីបង្ក្រាប និងរឹបអូសបាន មកដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងអយ្យការកំពុងពិនិត្យសំណុំរឿងហើយ។
នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នគរបាលបានបង្ហាញមុខជនជាតិចិនចំនួន៣នាក់ ដែលបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ និងរឹបអូសថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ដែលជាប្រភេទថ្នាំគ្រវី។ ការបង្ក្រាបគឺមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាករណីសង្ស័យរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
នគរបាលឱ្យដឹងថា នគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងរឹបអូសសារធាតុញៀនបានមួយចំនួន ។ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសាកសួរ ទើបបន្តទៅឃាត់បក្ខពួក២នាក់ទៀតដែលកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងរឹបអូសសារធាតុញៀនបានមួយចំនួនបន្ថែមទៀត។
ជាលទ្ធផលនគរបាលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ មានទី១ ឈ្មោះ WU ZONG WEI ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ទី២ ឈ្មោះ LIN YING KUAN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងទី៣ ឈ្មោះ ZHUANG SHI KAI ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ដកហូតវត្ថុតាងរួមមានសារធាតុញៀនអ៊ិចស្តាស៊ី ជាង១៦គីឡូក្រាម សារធាតុញៀនកេតាមីន ៣៦០ ក្រាម សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាមជិត ១.៩៨ក្រាម សរុបសារធាតុញៀន ទម្ងន់ជាង១៦គីឡូក្រាម សារធាតុមិនច្បាស់ ទម្ងន់ជាង៥គីឡូក្រាម ទូរស័ព្ទដៃ ០៤គ្រឿង និងជញ្ជីងថ្លឹង ៣គ្រឿង៕