ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥បានប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព គ្មានអំពើហិង្សា

 ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ ជ ប បានឱ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានដំណើរការដោយរលូន មានសុវត្ថិភាព គ្មានអំពើហិង្សាណាមួយកើតឡើងឡើយ ដោយមាន អង្គបោះឆ្នោតសរុប ៩៩,៨៦ភាគរយ បានមកបោះឆ្នោត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគជប បានឱ្យដឹងថា តាមរបាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទំាង២៥ រាជធានីបានឱ្យដឹងថា តាមការិយាល័យបោះឆ្នោតទាំង ៣៣ការិយាល័យនៅតាមរាជធានីខេត្តនៃមណ្ឌលបោះឆ្នោតទាំង ៨ ភូមិភាគបានបើកដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៥ ខែកុម្ភៈឆ្នាំ ២០២៤ ចាប់ពីម៉ោង ៧:00 ព្រឹកដោយពុំមានការិយាល័យបោះឆ្នោតណាមួយមិនបានបើកបាននោះទេ។   ឯកឧត្តមបន្តថា តាមតួរលេខបណ្តោះអាសន្នគឺមានអ្នកមកបោះឆ្នោតសរុបចំនួន១១៧៣០នាក់ ស្មើនឹង៩៩.៨៦ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត១១៧៤៧នាក់។

ឯកឧត្តមបន្តថា បើនិយាយជារួមគឺបរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈល្អដល់ការបោះឆ្នោតដោយរលូន គ្មានអំពើហិង្សាគ្មានការគំរាមកំហែង និងពុំមានសកម្មភាពអ្វីធ្វើឱ្យរំាងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ហើយបានចាត់ទុកការបោះឆ្នោតនេះ ជាការ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម និងទទួលបានលទ្ធផលជោគជ័យ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ ផ្អែកតាមប្រតិទិនរបស់គជប នឹងត្រូវបិទផ្សាយ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបើសិនគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យ បណ្តឹងជំទាស់នៃលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds