យុវជនកំពុងចាប់អារម្មណ៍ការតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» ដែលរៀបចំដោយ WA
ភ្នំពេញ៖ យុវជនកំពុងចាប់អារម្មណ៍ការតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» ដែលរៀបចំដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) រួមនឹងដៃគូសហការជាមួយ Murals_for_Cambodia (MFC) ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery។ ពិព័រណ៍នោះមានដាក់តាំងបង្ហាញរូបថតទេសភាពដ៏ស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងប្រជាជនរស់នៅជុំវិញតំបន់នោះ ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានតែនៅកម្ពុជា គឺជួរភ្នំក្រវាញ។
និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទៅចូលទស្សនាការតាំងពិព័រណ៍ភ្នំក្រវាញ កញ្ញា ធន់ សុភ័ក្រ បានអោយដឹងថា ការរៀបចំតាំងពិព័រណ៍រូបភាពដែលផ្តិតយកពីតំបន់ជួរភ្នំក្រវាញ អាចជួយបំផុសស្មារតី គំនិតដល់និស្សិត យុវជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ កាន់បានស្គាល់ និងយល់ច្បាស់អំពីអត្ថប្រយោជន៍សត្វព្រៃ ព្រៃឈើដែលមាននៅក្នុងប្រទេសកម្ពុជា។
និស្សិតរូបនេះបន្ថែមថា តាមរយៈការសង្កេតមើលនៅលើបណ្តាញសង្គម និងព័ត៌មានផ្សេងៗឃើញថាប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានចូលរួមការពារសត្វព្រៃ ព្រៃឈើ និងឈើឆ្អារជាខ្លាំងចំពោះធនធានធម្មជាតិ។ សម្រាប់កញ្ញាផ្ទាល់ទោះបីជាមិនដែលបានទៅដល់តំបន់ជួរភ្នំក្រវាញ តែបានស្គាល់ជួរភ្នំនេះខ្លះៗតាមរយៈការផ្សព្វផ្សាយព័ត៌មាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
និស្សិតរូបនេះ បានលើកឡើងថា ក្នុងនាមជានិស្សិតពេទ្យសត្វ នាងចាប់អារម្មណ៍ទៅលើការការពារសត្វព្រៃ ជាចម្បង ហើយបន្ទាប់មកគឺព្រៃឈើ បើទោះបីជាកញ្ញាជាយុវជន មិនមានអ្វីជួយការពារសត្វព្រៃ និងព្រៃឈើបានច្រើនក៏ដោយ ប៉ុន្តែអាចជួយផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែខ្លាំងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងសត្វព្រៃក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សុជាតា ដែលមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអោយដឹងដែរថា ក្នុងនាមយុវជន មានសេចក្តីរំភើប ដែលបានចូលរួមទស្សនាការតាំងពិព័រណ៍រូបគំនូរពីទេសភាព និងសត្វព្រៃ នៅតំបន់ជួរភ្នំក្រវាញ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅពេលនេះ សង្ឃឹមថា នឹងមានកម្មវិធីនេះជាបន្តបន្ទាប់ទៀត ដើម្បីឱ្យយុវជនខ្មែរបានយល់ដឹងឱ្យកាន់តែច្បាស់ពីវត្តមានសត្វព្រៃ និងសក្តានុពលជាក់ស្តែងនៅតំបន់ជួរភ្នំក្រវាញ របស់កម្ពុជា។ ឆ្លងតាមរយៈការចូលមកទស្សនានៅទីនេះ មានរូបភាពសត្វខ្លះស្ទើរមិនជឿថា មិនមានវត្តមាននៅក្នុងព្រៃរបស់កម្ពុជាទេ។ ពេលបានមកទស្សនាទើបដឹងច្បាស់ថាសត្វទាំងនេះកំពុងមានវត្តមាននៅកម្ពុជាពិតមែន។
កញ្ញាថា ខ្ញុំចាប់អារម្មណ៍តំបន់ជួរភ្នំក្រវាញ់ ខ្ញុំចាប់អារម្មណ៍ព្រៃឈើ នឹងសត្វព្រៃ ដោយសារទែតំបន់ជួរភ្នំក្រវាញ់សំបូរទៅដោយព្រៃឈើ ហើយសតហ្វព្រៃមួយចំនួនវានបាទៅរស់នៅតំបន់នោះព្រោះតំបន់នោះជាតំបន់ព្រៃស្តុប ចឹងសត្វអាចទៅរស់នៅកន្លែងនោះបាន ដោយតំបន់នោះសំបូរចំណីអាហារផងដែរ។
កញ្ញា បន្ថែមថា ក្នុងនាមជាយុវជនមួយរូប ចង់ឃើញអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអភិរក្សសត្វព្រៃជិតនឹងផុតពូជ។ ប្រសិនជាមិនរួមគ្នាអភិរក្សវាពីអីឡូវទេ ទៅទៅថ្ងៃខាងមុខកូនខ្មែរជំនាន់ក្រោយនឹងមិនស្គាល់ប្រភេទសត្វទាំងនោះទេ។ ប៉ុន្តែបើយើងចាប់ផ្តើមអភិរក្សពីឥឡូវអ្នកជំនាន់ក្រោយគាត់នឹងបានស្គាល់គ្រប់ៗជំនាន់។
លោក ឌឹម កាណាន់ ជាគ្រូបង្រៀន និងជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានឱ្យដឹងដែរថា លោកធ្លាប់បានទៅបំពេញទស្សនកិច្ចនៅតំបន់ជួរភ្នំក្រវាញ បានទាក់ចិត្តយ៉ាងខ្លាំងចំពោះសម្រស់ធនធានធម្មជាតិ ជាពិសេសបានផ្តល់ឱកាសដល់រូបលោក ក៏ដូចជាយុវជនបានស្វែងយល់បន្ថែមទៀតពីធនធានធម្មជាតិ ព្រៃឈើ សារៈសំខាន់នៃសត្វព្រៃ ប្រព័ន្ធជីវៈចម្រុះដែលជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុបានផងដែរ។ ចំពោះការរៀបចំតាំងកម្មវិធីតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» នេះពិតជាមានសារៈសំខាន់ខ្លាំង ដែលជាការរំឭកដល់និស្សិត យុវជន និងប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹង ជាពិសេសកុំឱ្យពួកគាត់ភ្លេចពីសារៈសំខាន់នៃជីវៈចម្រុះ និងធនធានធម្មជាតិ។
កញ្ញាបណ្ឌិត Suwanna Gauntlett នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជាកំពុងបាត់បង់ព្រៃឈើជាបន្តបន្ទាប់ ដោយសារ ភ្លើងឆេះ និងការកាប់ឈើ។ ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា។ ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានត្រៀមលក្ខណៈរួចរាល់ក្នុងការនាំយកមកវិញនូវវត្តមានសត្វខ្លាធំមក រស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ ហើយពិព័រណ៍នេះជួយផ្សព្វផ្សាយ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជាពិសេសអម្បូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ អប់រំអ្នកទាំងអស់គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅក្នុងជម្រកព្រៃធម្មជាតិដោយគ្មានការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃតទៅទៀត។
លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery បានលើកឡើងថា យើងជឿថា ទីក្រុង និងភូមិនានារីកចម្រើននៅពេលដែលទីកន្លែងនោះពោរពេញដោយសិល្បៈ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងលំហសកម្មភាពសិល្បៈ។ បេសកកម្មរបស់យើង គឺបង្កើតឱ្យមានលំហំ និងបន្ថែមពណ៌នៃជីវិត ដើម្បីពង្រឹងប្រជាសហគមន៍ និងបណ្ដុះថែរក្សា និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ។
តំបន់ភ្នំក្រវាញ ត្រូវបានចាត់ទុកជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង ៥០ប្រភេទមានដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។
គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃរបោះដែលអំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ ជាដើម។
សូមបញ្ជាក់ថា ជួរភ្នំក្រវាញក៏ជាតំបន់សំខាន់បំផុតនៃជីវៈចម្រុះ ជាពិសេសជាច្រករបៀងដំរី ដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន ៥២ប្រភេទ ដែលកំពុងរងការគំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ហៅកាត់ថា IUCN ដើម្បីអភិរក្សធនធានធម្មជាតិ៕