W A ៖ ពិព័រណ៍រូបថត “ភ្នំក្រវាញជារៀងរហូត” បង្កើន​ស្មារតី​ពលរដ្ឋ​​អោយចូលរួមការពារព្រៃឈើ និងសត្វព្រៃ

​​នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ (Wildlife Alliance)​ កញ្ញាបណ្ឌិត Suwanna Gauntlett បានអះអាងថា ព្រៃ​ឈើតំបន់ជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់​ចុងក្រោយ​បង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃ​ឈើ​នៅតំបន់ជួរភ្នំក្រវាញ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជួយការពារ​ទប់ស្កាត់​គ្រោះរាំងស្ងួត និង​គ្រោះ​ទឹកជំនន់។ សំខាន់បំផុតវាស្រូបយកឧស្ម័នកាបូន​ឌី​អុកស៊ីត ផ្តល់​មកវិញនូវ​ខ្យល់​បរិសុទ្ធ​សម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន។ វាក៏ជា​ជម្រក​របស់​ជនជាតិ​ដើមភាគតិច ដែលរស់នៅ​អាស្រ័យ​ផលពីព្រៃឈើនេះ។

ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ពី​តំបន់​ព្រៃឈើ​ជួរ​ភ្នំ​ក្រវាញ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​បានប្រកាស​រៀបចំ​ពិពណ៌រូបថត​​ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយ​ឱ្យគង់វង្សនៅ​តំបន់​អាស៊ីអាគ្នេយ៍ដែលមានវត្តមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជា​។​ ដោយការតាំងពិព័ណ៌«ភ្នំក្រវាញជារៀងរហូត»នេះមានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី២៣ កុម្ភៈ ដល់ថ្ងៃទី១៨ ខែមិនា​ ដែលបើកអោយចូលទស្សនាដោយសេរី​ នៅ Factory Phnom Penh ដែលមានការ​ដាក់តាំងបង្ហាញរូបថតដើមទេសភាពស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ សត្វព្រៃ ជីវចម្រុះផ្សេងៗ​រួម​ទាំង​ប្រជាជនរស់នៅជុំវិញ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​រសៀល​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ​កន្លែង​វិចិត្រ​សាលសិល្បៈ FT និង AIR (Sra Art) Gallery កញ្ញាបណ្ឌិត Suwanna Gauntlett បានអោយដឹង​ថា ពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត” រៀបចំឡើង​ក្រោម​កិច្ច​សហការ​ជាមួយ Murals for Cambodia (MFC)។ ពិព័រណ៍​នេះ​នឹង​ដាក់​តាំង​បង្ហាញរូបថត​ទេសភាព​ស្រស់ស្អាត​នៃ​តំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការ​រស់នៅ​របស់ប្រជាជន​ជុំវិញតំបន់នោះ។

ពិព័រណ៍នេះដោយមានការ​គាំទ្រ​ពីក្រសួង​បរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​បាន​​ចុះការពារ​ផ្ទាល់​តំបន់​ទេសភាព​ព្រៃរងទឹកភ្លៀង​ជួរភ្នំក្រវាញ​ទំហំ ១,៧ លាន​ហិកតា គោល​បំណង​ការពារនិង​អភិរក្ស​ព្រៃ​រង​ទឹកភ្លៀង​ដែល​ពុំទាន់រងផល​ប៉ះពាល់​ចុងក្រោយ​បង្អស់នៅតំបន់អាស៊ីអាគ្នេយ៍​។

បើតាមកញ្ញា Suwanna Gauntlett ​ថា «ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់​ជាមួយគ្នា​ប្រកប​ដោយភាព​សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។ ព្រៃឈើបាត់បង់​ដោយសារភ្លើងឆេះនិង​ការ​កាប់​រាន ដូច្នេះឥឡូវនេះជាពេល​ដែល​យើងត្រូវយល់ពី​សភាព​ធ្ងន់ធ្ងរនៃបញ្ហានេះ​ឱ្យបាន​ទាន់​ពេល​វេលា ចូរ​ការពារអ្វីដែល​យើងមាន។ ពេលវេលាបានមកដល់ហើយ»

ជាមួយគ្នានេះដែរ កញ្ញាបណ្ឌិត Suwanna Gauntlett បាន​បញ្ជាក់​ពី​គម្រោង​នាំយក​មកវិញនូវវត្តមាន​សត្វខ្លា​ធំ​មក​រស់នៅ​ក្នុងព្រៃ​តំបន់​ជួរភ្នំក្រវាញ។ កញ្ញា​ឲ្យ​ដឹង​ថា«ពិព័រណ៍នេះ​ក៏​នឹងផ្សព្វផ្សាយអំបូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ ហើយ​អប់រំអ្នក​ទាំងអស់គ្នា​អំពី​សារៈសំខាន់​របស់​សត្វខ្លាធំនៅក្នុងជម្រកព្រៃធម្មជាតិ ដោយ​គ្មានការ​បរបាញ់​​និង​ដាក់អន្ទាក់​ចាប់​សត្វព្រៃ​»

ដោយឡែកលោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery ជាដៃគូសហការ​រៀបចំពិព័រណ៌​បាន​​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទីពីរ​សម្រាប់​ពិព័រណ៍​​​រៀបចំ​ឡើង​ក្នុង​គោលដៅ​លើក​កម្ពស់ការ​យល់ដឹងពី​​ព្រៃឈើ​នៅ​​តំបន់​ជួរ​ភ្នំ​ក្រវាញ។ ​លោកថា តាម​រយៈ​ពិព័រណ៌នេះជា​កិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាសហគមន៍ បណ្តុះ​ស្មារតី​ដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds