ថ្ងៃស្អែក WA រៀបចំតាំងពិព័រណ៍ បង្ហាញរូបសត្វព្រៃកម្រជិតផុតពូជ និងជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងតំបន់ជួរភ្នំក្រវាញ
ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានរៀបចំតាំងពិព័រណ៍ បង្ហាញរូបសត្វព្រៃកម្រជិតផុតពូជ និងជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងតំបន់ជួរភ្នំក្រវាញ រយៈពេលជាង២០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅអគារ Factory Phnom Penh រាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំការតាំងពិព័រណ៍ ក្រោមប្រធានបទ «ភ្នំក្រាវាញជារៀងរហូត»ស្ថាបនិក និងជានាយិការប្រតិបត្តិការអង្គការ Wildlife Alliance (WA) កញ្ញាបណ្ឌិត Suwanna Gauntlett បានលើកឡើងថា ជួរភ្នំក្រវាញ គឺជាព្រៃរងទឹកភ្លៀង ក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយព្រៃឈើនៅតំបន់នេះ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជួយការពារទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។
កញ្ញាថា ទីនោះសំខាន់បំផុត វាស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត(CO2) ផ្ដល់មកវិញនូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន និងក៏ជាជម្រករបស់ជនជាតិដើមភាគតិចដែលរស់នៅអាស្រ័យផលពីព្រៃឈើនេះ។ ការរៀបចំពិព័រណ៍នេះ ក៏ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយឱ្យនៅគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺ ជួរភ្នំក្រវាញ។
កញ្ញាបណ្ឌិត Suwanna Gauntlett បានបន្ថែមថា ក្នុងចំណោមសត្វព្រៃដែលរស់នៅក្នុងតំបន់ជួរភ្នំក្រវាញរាប់ពាន់ប្រភេទនោះ ក៏មានសត្វកម្រជិតផុតពូជជាង ៦០ប្រភេទ(សត្វក្នុងបញ្ជីក្រហម) ដូចជាសត្វដំរីអាស៊ី ខ្ទីង ខ្លាឃ្មុំព្រះអាទិត្យ ក្រពើភ្នំ ស្វាកន្ទុយស និងអណ្ដើកធំ ជាដើម។ គម្រោងបន្តរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ សហការជាមួយ WA រៀបចំចាំទទួលអំណោយសត្វខ្លាធំចំនួន ៤ក្បាល ពីរដ្ឋាភិបាលឥណ្ឌា ក្នុងពេលឆាប់ៗ (ឈ្មោល១ និងញី៣ក្បាល) ខណៈព្រៃជួរក្នុងតំបន់ភ្នំក្រវាញ មានការដាក់នូវកាំមេរ៉ាសុវត្ថិភាពជាង ៤០០កន្លែង ដើម្បីតាមដានពីសត្វជាចំណីរបស់ខ្លាធំផងដែរ។
ដោយឡែកលោក FONKI ស្ថាបនិក និងជាប្រធាន FT Gallery បានលើកឡើងដែរថា បេសកកម្មក្រុមរបស់លោក គឺបង្កើតឱ្យមានលំហ និងបន្ថែមពណ៌នៃជីវិតដើម្បីពង្រឹងសហគមន៍បណ្ដុះថែរក្សា និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ ហើយរួមទាំងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុខដុមរមនានេះ ជួយដល់សហគមន៍ បណ្ដុះនូវស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា។
សូមបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ត្រូវបានបង្កើតឡើងដោយ កញ្ញា Suwanna Gauntlett ក្នុងគោលបំណងចុះការពារព្រៃឈើ និងសត្វព្រៃដោយផ្ទាល់តាមរយៈកម្មវិធីអភិរក្សបែបជឿនលឿន។ អង្គការនេះផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តារដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការរកបាននូវដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណីរួមទាំងការជួញដូរសត្វព្រៃការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីព្រៃពីសហគមន៍មូលដ្ឋាន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺ ជាអង្គការឈានមុខគេក្នុងការដឹកនាំសកម្មភាពផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍៕