ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខាបានអញ្ជើញជាសហប្រធាន សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានគណៈអធិបតីជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅសណ្ឋាគារសុខាភ្នំពេញ។

ការដាក់ចេញយុទ្ធនាការលើកទី៩នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែង យ៉ាងសកម្ម តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដោយទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់។

ផ្អែកតាមលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៥៥,៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ២៧,៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ៥២០,០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។

ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលជាវិជ្ជមាន តែផ្អែកតាមនិន្នាការថ្មីនៃការកែច្នៃផលិត ដឹកជញ្ជូន ជួញដូរសារធាតុញៀនជាសកល និងបញ្ហាថ្មីៗមួយចំនួនទៀត ត្រូវបានកត់សម្គាល់ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបដូចជា៖ ការប្រើប្រាស់ល្បិចកល នាំចូលនូវសារធាតុគីមីបម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន គួបផ្សំនឹងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ នៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ដោយពិនិត្យឃើញថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឲ្យបាននូវភាពរងគ្រោះ ដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជា ការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្តនៅក្នុង សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds