សែន ចន្ទឬទ្ធីគុន ខាតបង់លុយប្រមាណ៥០ម៉ឺនដុល្លារក្រោយផ្លាស់មកកម្ពុជា
កីឡាករគុនខ្មែរ សែន ចន្ទឬទ្ធីគុន ឈ្មោះដើម Thiago Teixeira សញ្ជាតិដើមប្រេស៊ីល កំពុងជួបទុកលំបាកយ៉ាងខ្លាំង ដោយសារតែរូបគេបានខាតបង់ប្រាក់យ៉ាងច្រើនប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ក្រោយពីរូបគេបានលក់ក្លិប អាហារដ្ឋាន និងហាងរបស់ខ្លួននៅក្នុងប្រទេសថៃ។
កីឡាករ សែន ចន្ទឬទ្ធី គុន បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះ៖ «ជម្រាបសួរអ្នកទាំងអស់គ្នា ! នេះជាវីដេអូរបស់ខ្ញុំ ដែលខ្ញុំចង់បញ្ចេញនូវអារម្មណ៍របស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នា ។
ចំពោះមួយរយ:កន្លងមក ខ្ញុំបានជំនះគ្រប់យ៉ាងដើម្បីជួយគុនខ្មែរ ប៉ុន្តែទន្ទឹមនោះខ្ញុំក៏បានខាតបង់លុយចំនួន500,000ម៉ឺនដុល្លារ ជាមួយនឹងក្លិប អាហារដ្ឋាន ហាងរបស់ខ្ញុំ និងអ្វីគ្រប់យ៉ាងនៅប្រទេសថៃ ហើយខ្ញុំបានមកប្រទេសកម្ពុជា ។
ខ្ញុំនៅតែជំនះ មកទីនេះ ព្រោះខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះប្រទេសកម្ពុជា និង កីឡានៅទីនេះ ។
ពួកយើងបានទទួលការឧបត្ថមពីមនុស្សជាង2000នាក់ដែលបានផ្ញើរលុយមក 1$ ឬច្រើនជាងនេះ ទឹកប្រាក់បានប្រហែលជាង 2000$ ។ ខ្ញុំពិតជាអរគុណបងប្អូនជាខ្លាំង ប៉ុន្តែលុយទាំងអស់នេះវានៅតែមិនគ្រប់គ្រាន់ទេក្នុងការចំណាយនានា ។
ខ្ញុំមើលឃើញថា មានក្រុមហ៊ុនជាច្រើនដែលកំពុងតែចង់លើកស្ទួយវិស័យគុនខ្មែរអោយរីកចំរើន និងចង់ឃើញគុនខ្មែរ មានមុខមាត់លើឆាកអន្តរជាតិ ។
វាជាក្តីសុបិន្តមួយរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាខ្ញុំផងដែរ ។ ប៉ុន្តែក្តីសុបិន្តនេះមានអារម្មណ៍ថា ខ្ញុំកំពុងសុបន្តិម្នាក់ឯង 😔។
ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំតែប៉ុណ្ណេះ ដែលកន្លងទៅ ពួកយើងព្យាយាមប្រាប់ពិភពលោកពីវប្បធម៌របស់យើង ។ វាមិនសម្រាប់ខ្ញុំទេ គឺសម្រាប់បងប្អូនទាំងអស់គ្នា ព្រោះតែឥឡូវខ្ញុំជាប្រជាជនកម្ពជាមួយរូបទៅហើយ ។
ខ្ញុំបានបើកកន្លែងហាត់ប្រាណមួយ ដែលនៅតែត្រូវការការឧបត្ថមពីបងប្អូន 1$ ឬ2$ វាក៏មិនអាចគ្រប់គ្រាន់លើការចំណាយថ្លៃទីតាំងដែរ តែវាជាទឹកចិត្តនិងសេចក្តីគោរពរបស់អ្នកទាំងគ្នាជាមួយខ្ញុំដែលបានបង្ហាញមក។
ខ្ញុំពិតជាមិនដឹងថានឹងធ្វើបានរឿងអ្វីជាច្រើនទៀតទេ តែខ្ញុំកំពុងជំនះវា ហើយពួកយើងបានខ្ចីលុយធនាគារដើម្បីបន្តដំណើរទៅមុខ ដោយមិនចុះចាញ់ ឬរុញរារអ្វីឡើយ ។ យើងនឹងមិនបោះបង់ទេ !
សូមអ្នកជួយឧបត្ថមដែលស្រលាញ់គុនខ្មែរ សូមជឿជាក់លើខ្ញុំ និងគាំទ្រខ្ញុំ ខ្ញុំនឹងធ្វើវាបាន ។ ខ្ញុំស្រលាញ់គុនខ្មែរ ហើយក៏មិនមែនមកធ្វើជំនួញអីដែរ គឺមកដើម្បីជំរុញរឿងនេះអោយវាកាន់តែល្អទៅមុខ ។ សូមអរគុណបងប្អូនទាំងអស់គ្នា!