ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯក «តេជោលីគ» ក្រោយយកឈ្នះវិសាខា ៣ទល់១សិត)

(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន «តេជោលីគ» ឆ្នាំ២០២៣/២៤ បានរកឃើញជើងឯកហើយ គឺបានទៅលើក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បន្ទាប់ពីយកឈ្នះក្រុមខ្លាំងវិសាខា ដោយលទ្ធផល ៣-១ (សិត) ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ការប្រកួតវគ្គផ្តាច់ព្រត្រ័ ក្រុមបញ្ជាការដ្ឋានអង្គរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតជួបគ្នា ២លើកកន្លងមក មុនឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ សុទ្ធតែចាញ់វិសាខា ពោលគឺជួបគ្នាក្នុងជុំទី១ ចាញ់វិសាខា ៣-០ (សិត) និងជុំទី២ ចាញ់វិសាខា ៣-២ (សិត) ។

ឈានដល់ជំនួបលើកទី៣ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ធ្វើបានយ៉ាងល្អ យកឈ្នះក្រុមវិសាខា ២សិតមុន ក្នុងពិន្ទុ ២៥-១៩ និង ២៥-២០ មុនវិសាខា យកឈ្នះវិញ នៅក្នុងសិតទី៣ ជាមួយពិន្ទុ ២៥-២១ ហើយសិតទី៤ ជាមួយជ័យជម្នះ ២៥-១៩ពិន្ទុ ដើម្បីធានាជ័យជម្នះជាផ្លូវការ និងគ្រងជើងឯក «តេជោលីគ» ឆ្នាំ២០២៣/២៤ នេះតែម្ដង ។

ក្រុមបញ្ជាការដ្ឋានអង្គរ បានគ្រងជើងឯក អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលក្រុមវិសាខា បានត្រឹមជើងឯករង ស្របពេលក្រុមស្នងការរាជធានីភ្នំពេញ ទទួលបានលេខ៣ ក្រោយយកឈ្នះក្រសួងមហាផ្ទៃ ៣-២ (សិត) ។ សម្រាប់ក្រុមលេខ២, លេខ៣ និងលេខ៤ ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលស្មើគ្នាផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «តេជោលីគ» ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួមមានក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការរាជធានីភ្នំពេញ, កងពលធំអន្ដរាគមន៍លេខ៣, ខេត្តព្រះសីហនុ, ស្នងការនគរបាលខេត្តពោធិ៍សាត់ និងស្នងការនគរបាលខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds