អាជ្ញាធរស្រុកទឹកឈូនឹងរៀបចំ«តំបន់ភ្នំស»ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ថ្មី
លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ នឹងរៀបចំកែប្រែតំបន់ភ្នំស ឲ្យទៅជាតំបន់ទេសចរណ៏ថ្មីមួយទៀតក្នុងស្រុក ដែលអាចទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកកម្សាន្ត មើលផ្ទាំងទស្សនីយភាពក្រុងកំពត និងមើលថ្ងៃលិចគងភ្នំកំចាយដ៏ស្រស់ស្អាតផងដែរ។
យ៉ាងណា ជាជំហានដំបូង លោកអភិបាលស្រុកទឹកឈូ នឹងរៀបចំឆ្ការព្រៃ រៀបជណ្តើរឥដ្ឋ ធ្វើផ្លូវឡើងទៅភ្នំ និងរៀបចំផ្លូវកង់ជិះតាមជើងភ្នំសម្រាប់មើលទេសភាព និងហាត់ប្រាណ ព្រមទាំងមើលទេសភាពវាលស្រែដ៏ស្រស់បំព្រងនារដូវវស្សា។
គួរបញ្ជាក់ផងដែរថា ភ្នំសនេះជាទីតាំងអំណោយផលពីធម្មជាតិ ព្រមទាំងជាទីកន្លែងសក្ការៈបូជា(លោកតាឃ្លាំងមឿង)ផងដែរ ដែលស្ថិតនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត៕