បណ្ដាខេត្តចំនួន៨ អន្តរាគមន៍បូមទឹក និងកាយប្រឡាយ ជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ

ស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងបណ្ដាខេត្ដមួយចំនួនបាននិងកំពុងជួបបញ្ហាខ្វះខាតទឹក អាជ្ញាធរពាក់ព័នកំពុងអន្ដរាគមន៍ជួយបូបទឹកដើម្បីស្រោចស្រព។ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានការអន្ដរាគមន៍បូមទឹកចែកចាយនៅក្នុងខេត្ដចំនួន៨។

អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងបន្ដសកម្មភាពអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ។

ខេត្ដទាំង៨នោះមានដូចជា៖

1.  ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ 366 ហត (ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង)

2.  ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ 61 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)

3.  ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះ 138 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង)

4.  ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះ 230 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)

5.  ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះ 78 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង)

6.  ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះ 30 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង)

7.  ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះ 15 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)

8.  ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះ 20 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង)។

គួរជម្រាបថា បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំងប្រមាណ៥០ម៉ឺនហិកតា ប៉ុន្ដែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ៨០ម៉ឺនហិចតា។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះ មួយចំនួនបានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀតកំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds