ក្រសួងការងារបង្ហាញយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជារបស់ប្រជាពលរដ្ឋ សិស្សនិស្សិត ក្រសួងការងារបានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួនដើម្បីកំណត់ថា ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងនោះ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការស្វែងរកការងារធ្វើ។

បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី១-កម្មវិធីទី២៖ ការពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករគន្លឹះរបស់ក្រសួងការងារ បានលើកឡើងពីការលើកកម្ពស់យន្តការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ។

ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងការងារ បានកំណត់នូវមាតិកាស្តីពីសេវាការងារ និងព័ត៌មានទីផ្សារការងារត្រូវបានផលិតនិងផ្សព្វផ្សាយកើនឡើង។ ចំនួនអ្នកស្វែងរកការងារតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនឡើងដល់ចំនួន១៥ ០០០នាក់/ឆ្នាំ នៅឆ្នាំ២០២៨, អត្រានៃការស្គាល់PESក្នុងចំណោមយុវជន និងកម្មករនិយោជិតកើនឡើង៨០%នៅត្រឹមឆ្នាំ២០២៨។

ដោយឡែកដើម្បីពង្រីកយន្តការវេទិកាការងារទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត និងតាមមូលដ្ឋាន ក្រសួងការងារត្រូវរៀបចំវេទិកាការងារកើនឡើង៣៥០ដង/ឆ្នាំនៅឆ្នាំ២០២៨។ រៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិយ៉ាងតិច២ដង/ឆ្នាំ និងចំនួនសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានយ៉ាងតិច ៣៥ដង/ឆ្នាំ។

ជាមួយគ្នានេះ ដើម្បីពង្រីកការប្រមូល និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល កម្មសិក្សាការងារ និងអាហារូបករណ៍ ក្រសួងការងាររៀបចំចំនួនព័ត៌មានឱកាសការងាររក្សាយ៉ាងតិច៣០ ០០០កន្លែង/ថ្ងៃ, ចំនួននិយោជកប្រើប្រាស់សេវាកើនឡើង ៤០០នាក់/ឆ្នាំ និងចំនួនចុះជួបនិយោជកតាមសហគ្រាស គ្រឹះស្ថាន ៨០០ដង/ឆ្នាំ។

ដោយឡែកចំពោះការពង្រឹងគុណភាព ប្រសិទ្ធភាព និងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈមជ្ឈមណ្ឌលការងារ មជ្ឈមណ្ឌលការងារចល័ត និងសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងដៃគូ, ក្រសួងការងារនឹងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ត្រូវបានគ្របដណ្តប់គ្រប់រាជធានី ខេត្ត កើនឡើង។ ទន្ទឹមនឹងនេះចំនួនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងដៃគូពាក់ព័ន្ធកើនឡើង និងលទ្ធផលការងារដែលផ្អែកលើសមិទ្ធផលរបស់មជ្ឈមណ្ឌលការងារកើនឡើង។

ជាមួយគ្នានេះ ក្រសួងការងារ ជំរុញការអនុវត្តកម្មវិធីទីផ្សារការងារសម្រាប់អ្នកស្វែងរកការងារដែលមានពិការភាព ជនជាតិភាគតិច និងជនងាយរងគ្រោះផ្សេងទៀត តាមរយៈកម្មវិធីលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថាន ដែលទទួលជនមានពិការភាព ជនជាតិដើមភាគតិច និងជនងាយរងគ្ករោះផ្សេងទៀតឱ្យធ្វើការងារ ត្រូវបានរៀបចំ និងអនុវត្ត ខណៈជនមានពិការភាពយ៉ាងតិច៩% ទទួលឱ្យធ្វើការក្នុងវិស័យឯកជន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds