ក្រសួង​អប់រំ​ចេញ​៧​ចំណុចឱ្យ​​ទប់ស្កាត់​សកម្មភាព​​មិន​ប្រក្រតីក្នុង​ថ្ងៃ​១៤​កុម្ភៈ

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​ក្ដី​ស្រឡាញ់​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ណែនាំ​៧​ចំណុចកុំ​ឱ្យសិស្សា​នុសិស្ស​មួយ​ចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ គឺ​ជា​ថ្ងៃ​បុណ្យ​សង្សារ​។

​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ នា​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេត​ឃើញ​ថា សិស្សានុសិ ស្ស​មួយ​ចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ ។ ​ទិវា​នេះ ពុំ​មែន​ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ទេ​។ យុវជន​មួយ​ចំនួន​តូច​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​ជា​បុគ្គល និង​ក្រុម​គ្រួសារ ដោយ​ប្រាស់ចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​។

ដើម្បី​បន្ត​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​នៅ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើការ​ណែនាំ​ដូច​តទៅ​៖

១-​ត្រូវ​ផ្សព្វផ្សាយ​អំពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដល់​សិស្សានុសិស្ស​ឱ្យ​បាន​ទូលំទូលាយគ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ដែល​នាំ​ឱ្យ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​។ ២-ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប់​ជា​ប្រចាំ​។

៣-​ត្រូវ​បញ្ជ្រាប​​ការ​អប់រំ​សីលធម៌​តាម​មុខ​វិជ្ជា​នីមួយ​ៗ​។

៤-ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជនក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលាដោយ​អនុវត្ត​សកម្មភាព«​មិត្ត អប់រំ​មិត្ត​»​។

៥-ត្រូវ​ទំនាក់ទំនង​ជាមួយ​មាតា-បិតា​ ឬ​អ្នក​អាណាព្យាបាល​សិស្ស និង​សហគមន៍​ ដើម្បី​ផ្តល់និង​ទទួល​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី​ ​។

៦-ត្រូវ​រួម​សហការ​គ្នា​ទប់ស្កាត់ អប់រំ​ណែនាំ និង​កែ​លម្អ​ឱ្យ​បាន​ទាន់​ពេលវេលា​ ។

៧-មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការ អនុវត្ត​ប្រកាសស្តី​ពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់ គ្រឹះស្ថាន​បឋម​សិក្សា និង​ប្រកាស ស្តី​ពី​បទ បញ្ជា​ផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds