សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន៧នាក់ ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ជនជាតិបរទេសនៅខណ្ឌសែនសុខ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឲ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ការបង្ក្រាប​ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ត្រង់ចំណុចផ្លូវបេតុង​ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីការសាកសួរជនសង្ស័យ​ទាំង​៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពេីកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក​។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង​៧នាក់​ មានជនសង្ស័យម្នាក់​ គឺបានចូលរួមប្រព្រឹត្តបទល្មេីសកាប់ប្លនទៅលេីជនជាតិកូរ៉េ​ កាលពីថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២៤​ រួមទាំងបក្ខពួកផ្សេងទៀត​។

បច្ចុប្បន្ននាយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds