បុណ្យចូលឆ្នាំប្រពៃណីចិន៣ថ្ងៃ មានភ្ញៀវសចរជិត៣០ម៉ឺននាក់ ទៅលេងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ ពី ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ សរុបប្រមាណ ២៩៤.៣០១នាក់ កើនឡើង១៧,៤៩%។ នេះបើយោងតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
បើតាមលោក តាំង សុចិត្តគ្រឹស្នា ក្នុងនោះមានភ្ញៀវជាតិ ២៨២.៣៩៦នាក់ កើនឡើង១៥,១៥% និងភ្ញៀវបរទេស១១.៩០៥នាក់ កើនឡើង១២៦,៤១% មានភ្ញៀវតាមជើងហោះហើរចុះចតនៅព្រលាន០៦ជើង មានភ្ញៀវសរុប ៣០៣នាក់ ក្នុងនោះភ្ញៀវជាតិ សរុប ០៤នាក់ ភ្ញៀវអន្តរជាតិ ២៩៩នាក់ ។
ដោយឡែក ភ្ញៀវអន្តរជាតិចូលតាមនាវាទេសចរណ៍ចំនួន៣គ្រឿងមានភ្ញៀវសរុប ៣.៧១៩នាក់ ស្រី១.៩១០នាក់ និងនាវិក ១.៨១៤នាក់ ស្រី៣៧៧នាក់។ ជាមួយគ្នានោះ ភ្ញៀវទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៣.៩១២នាក់ កើនឡើង៩,៨៨%ភ្ញៀវជាតិប្រមាណ១.៧៩៧នាក់ ថយចុះ៣,៥៩%ភ្ញៀវបរទេសប្រមាណ២.១១៥នាក់ កើនឡើង២៤,៧០% ។
ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៩០.០៨៦នាក់ កើនឡើង ១៧,៦០% ក្នុងនោះ ភ្ញៀវជាតិ២៨០.៥៩៥នាក់ កើនឡើង១៥,៣០%ភ្ញៀវបរទេស ៩.៤៩១នាក់ កើនឡើង១៨៧,២៥%៕