ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារចំនួន៤លើក ត្រូវសមត្ថកិច្ចស្រុកស្អាង ចាប់ខ្លួនសារជាថ្មី ពាក់ព័ន្ធការគំរាមកំហែងថានឹងសម្លាប់
កណ្តាល៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារចំនួន ០៤លើក ត្រូវសមត្ថកិច្ចស្រុកស្អាង ខេត្តកណ្តាលចាប់ខ្លួនសារជាថ្មី ពាក់ព័ន្ធករណីឱ្យខូចខាតដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះម្នាក់នៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ៨ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង៩និង២០នាទីយប់ ។
របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន គីមសេង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះឈ្មោះ ខុម សុភ័ណ្ឌ ហៅម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
កំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:២០នាទី ជនរងគ្រោះបានចេញពីផ្ទះ ដើម្បីទៅចូលរួមពិធីមង្គលការកូនអ្នកភូមិជាមួយគ្នា ក្រោយមកក៏កូនស្រីជនរងគ្រោះបានហៅទូរស័ព្ទប្រាប់ថា ជនសង្ស័យឈ្មោះ ខុម សុភ័ណ្ឌ បានយកដុំថ្ម និងឈើគប់លើដំបូលផ្ទះ និងគំរាមកំហែងថានឹងសម្លាប់ មួយពូជគ្រួសារ។ ក្រោយមកជនរងគ្រោះ បានចេញពីពិធីមង្គលការមកផ្ទះវិញ ក៏ឃើញជនសង្ស័យបានកាន់ឈើ ០១កំណាត់ ដើរមកពីលិចហើយសំដៅមកជនរងគ្រោះ ពេលនោះក៏អ្នកជិតខាងឃើញក៏ជួយឃាត់ ភ្លាមនោះជនសង្ស័យបានកាន់ដំបងរត់គេចពីកន្លែងកើតហេតុ។
ភ្លាមៗនោះជនរងគ្រោះបានហៅទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍ ឱ្យជួយអន្ដរាគមន៍។ ក្រោយពីទទួលទូរស័ព្ទខាងលើ ភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុខាងលើ តែជនសង្ស័យរត់គេចខ្លួន។ លុះព្រឹកថ្ងៃទី០៩ ខែឆ្នាំដដែល ជនរងគ្រោះបានឃើញជនសង្ស័យ និងបានរាយការណ៍មកប៉ុស្តិ៍ព្រែកគយ ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមនីតិវិធី។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការតាមនីតិវិធី៕