រដ្ឋបាលខេត្តក្រចេះ ចេញសេក្តីណែនាំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី
ក្រចេះ៖ ក្រោយរកឃើញក្មេងប្រុសអាយុ ៩ឆ្នាំ មានទីលំនៅភូមិកាប៉ូ១ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ថាបានស្លាប់ ដែលបង្កដោយវីរុសផ្តាសាយបក្សី (H5N1) រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេក្តីណែនាំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី (H5N1) នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ក្នុងន័យនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី(H5N1) ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្ស ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តក្រចេះ បានធ្វើការណែនាំដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ឱ្យចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី (H5N1)។
វិធានការទាំងអស់នោះ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។ កុំបរិភោគសត្វបក្សីដែលឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យបានឆ្អិនល្អ។ បំផ្លាញចោលចំពោះសត្វបក្សីដែលមានការសង្ស័យ (សាកសពបក្សី)។ ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែង ប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងខេត្ត និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីសង្ស័យមានជំងឺផ្កាសាយបក្សី។
បន្ថែមពីនេះ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែម ដោយសហការជាមួយអាជ្ញាធរមូល ដ្ឋានគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។ ពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ដែលឆ្លងកាត់តាមច្រកទ្វារព្រំដែន និងនាំចេញ-ចូលទាំងក្រៅខេត្ត និងក្នុងខេត្ត ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។ រាល់ការចរាចរណ៍បក្សី និងផលិតផលពីបក្សីពីតំបន់ដែលមានផ្ទុះជំងឺផ្តាសាយបក្សី ឬសង្ស័យមាន ជំងឺផ្តាសាយបក្សី អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការត្រួតពិនិត្យឱ្យហ្មត់ចត់ស្របតាមបទដ្ឋានបច្ចេកទេស។ បង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋាន ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងការចិញ្ចឹមបក្សី។
ដោយឡែក នៅពេលចរាចរណ៍ដឹកជញ្ជូន និងផលិតផលពីបក្សី សកម្មភាពពិឃាតបក្សី និងកន្លែងតាំងលក់នៅទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី ចេញរោគេញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តប៉ះពាល់ជាមួយបក្សី ឈឺ ឬងាប់ក្នុងអំឡុងពេល ១៤ថ្ងៃមុន ត្រូវធ្វើការទំនាក់ទំនង ឬរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតបំផុត៕