រកឃើញបង្គាចាក់ចាហួយជាង៤តោន នៅទីតាំងស្តុកចែកគ្រឿងសមុទ្រត្រឡោកបែក
ភ្នំពេញ ៖ កម្លាំងអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ រកឃើញបង្គាចាក់ចាហួយជាង៤តោន នៅទីតាំងស្តុកចែកគ្រឿងសមុទ្រនៅតំបន់ត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបបង្គាចាក់ចាហួយនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពម្អូបចំណីអាហារ គ្រឿងសមុទ្រ នៅក្នុងឱកាសសែនចូលឆ្នាំចិន និងវៀតណាម។ ប្រតិបត្តិការនេះដឹកនាំដោយលោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ព្រមទាំងចូលពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ ។
លោកហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអគ្គនាយកដ្ឋាន ក.ប.ប.មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះឃ្លាំងមើល និងត្រួតពិនិត្យទីតាំងស្តុក និងចែកចាយគ្រឿងសមុទ្រនៅតំបន់ត្រឡោកបែកនេះ តាំងពីម៉ោងប្រមាណ៣ទៀបភ្លឺ ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ។
ជាលទ្ធផល នៅក្នុងការត្រួតពិនិត្យរកឃើញ និងដកហូតបង្គាមានចាក់ចាហួយ ចំនួន ២៦០ កេស ស្មើនឹងប្រមាណ៤ ២៣៥ គីឡូក្រាម ដើម្បីយកទៅកម្ទេចចោល ។
លោក ហេង មាលី ក៏បានអំពាវនាវដល់អ្នកធុរៈកិច្ចជនត្រូវរកស៊ីចាយចែកផលិតផលណាពុំមានសារធាតុគីមី ឬចាក់ចាហួយ និងនាំចូលចែកចាយតែផលិតផលណាដែលមានឯកសារត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ។ លោក ប្រធានសាខា ក ប ប ក៏បានស្នើសុំដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់មេត្តាជួយទប់ស្កាត់នូវផលិតផលណាដែលមិនមានឯកសារច្បាស់លាស់ ,ផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ ដើម្បីធានាអោយបាននូវម្ហូបអាហារមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ។
គួរបញ្ជាក់ថា កន្លងមកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋតាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងបានណែនាំឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានាក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីធានាអោយបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម ៕