ក្រសួងបរិស្ថានចាប់ផ្តើមពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតងដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតង នៅរសៀលថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញនូវគោលការណ៍បីចម្បង ក្នុងន័យបម្រើផលប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយនិរន្តរភាពនៅតាមសហគមន៍មូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា គោលការណ៍បីចម្បងដែលត្រូវអនុវត្តនោះរួមមាន៖ទី១.គ្រប់គម្រោងអភិវឌ្ឍរបស់សហគមន៍មូលដ្ឋានចាំបាច់ត្រូវបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពសហគមន៍ ក្នុងនេះ រាល់ការអភិវឌ្ឍទាំងឡាយត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុមរមនារវាងគម្រោងនិងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។

ទី២.គ្រប់គម្រោងអភិវឌ្ឍទាំងអស់ត្រូវជួយការពារតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងនោះម្ចាស់គម្រោងត្រូវចូលរួមការងារជាមួយសហគមន៍ការពារទប់ស្កាត់ការទន្រ្ទានយកដីតំបន់ការពារធម្មជាតិ ជាពិសេសការពារឱ្យបាននូវការកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ រួមទាំងហានិភ័យនានាដែលបង្កឱ្យមានភ្លើងឆេះព្រៃជាដើម។

និងទី៣.អនុវត្តនូវភាពស្អាត ភាពបៃតងនៅក្នុងតំបន់ការពារ តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីសមានចិត្តរបស់ប្រជាសហគមន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែកទៅដល់បរិស្ថានជុំវិញ ដែលរួមមានភ្ញៀវទេសចរណ៍មកកម្សាន្តនៅតំបន់ការពារធម្មជាតិផងដែរ។

ម្យ៉ាងវិញទៀត ការថែរក្សានូវភាពបៃតងនៅជុំវិញតំបន់ការពារ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមដាំដើមឈើពីអ្នកទេសចរ គឺជាការផ្សព្វផ្សាយចរណៃភាពបៃតងឱ្យដក់ជាប់នៅក្នុងចិត្តស្អាតរបស់ទេសចរជាតិ-អន្តរជាតិ។ ការលើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈមិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើមនិងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ គឺជាភាពកម្រជំរុញឱ្យមានការទាក់ទាញពីទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏សម្បូរបែបរបស់ខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open