ក្រសួងបរិស្ថាន ៖ ការបំពុលខ្យល់នៅកម្ពុជា មានកម្រិតតូចជាងកម្រិតស្តង់ដា ដែលកំណត់ដោយ WHO ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភ
ភ្នំពេញ៖ ក្រសួងបរិស្ថាន អះអាងថា ការបំពុលខ្យល់នៅកម្ពុជា មានត្រឹម២០ ទៅ ៤០ g/m តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ pg/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
សេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវឱ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។
បើតាមក្រសួង ជាលទ្ធផលរហូតមកដល់ពេលនេះចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិតការបំពុលខ្យល់ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិតស្តង់ដា។
លើសពីនេះ នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្ដង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។
ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន សូមប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក៕