លោក អ៊ាង សុផល្លែត៖ រកឃើញបញ្ហាប្រឈមខ្លាំងចំនួន៣​ ដែលកំពុងបំផ្លិចបំផ្លាញបឹងទន្លេសាប

សៀមរាប ៖ ក្នុងសន្និសីទសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចនៃគណៈប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាបនៃភូមិសាស្រ្តខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ ២០២៤នេះ លោក អ៊ាង សុផល្លែត បានរកឃើញនូវបញ្ហាប្រឈមចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញដល់បឹងទន្លេសាបរបស់កម្ពុជា។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ដំណើរទស្សនកិច្ច នាពេលនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាធានាកិច្ចការពារបរិស្ថានផង អភិរក្សាធនធានធម្មជាតិផង​ និងសំដៅជួយដល់ប្រជាសហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរប្រកបដោយនិរន្តភាព។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ហាប្រឈមខ្លាំងដែលបង្កជាហានិភ័យដល់បឹងទន្លេសាប គឺបញ្ហាភ្លើងឆេះព្រៃ ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។ កត្តាសំខាន់ៗចំនួន៣ ដែលជាបញ្ហាប្រឈមនៅក្នុងបឹងទន្លេសាប ទី១ គឺបញ្ហាភ្លើងឆេះព្រៃ ដែលកំពុងក្លាយជាក្ដីបារម្ភមួយបង្កដល់ការបំផ្លិចបំផ្លាញបឹងទន្លេសាប។ ទី២ ការទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាប។ លោក បានអំពាវនាវដល់បុគ្គលមួយចំនួន ជាពិសេសអ្នកអំណាច គប្បីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ព្រៃលិចទឹកដើម្បីទន្ទ្រានយកដីនៅក្នុងតំបន់បឹងទន្លេសាបបន្តទៀត ដោយត្រូវគិត ពីផលប្រយោជន៍រួម ខណៈបឹងទន្លេសាប គឺជាប្រភពត្រីសម្រាប់ផ្កត់ផ្គង់ប្រជាជនកម្ពុជារាប់លាននាក់ និងទី៣ គឺការបម្រែបម្រួលអាកាសធាតុ។ បញ្ហានេះពិបាកនឹងទប់ស្កាត់ ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ ជាបញ្ហាសាកល។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧នេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ គឺយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន ដោយផ្ដោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds