វីរុសកូវីដ-១៩អូមីក្រុងJN.1មានលក្ខណៈខុសប្លែកយ៉ាងណាពីវីរុសអូមីក្រុងប្រភេទដទៃទៀត?
វីរុសកូវីដ-១៩ជំនាន់ថ្មីស្ថិតក្នុងអម្បូរវីរុសអូមីក្រុងដែលទើបបំប្លែងខ្លួនឈ្មោះថា JN.1 ខណៈវីរុសកូវីដ-១៩ថ្មីនេះកំពុងមានអត្រាឆ្លងច្រើននៅសហរដ្ឋអាមេរិក ហើយពុំមានភស្ថុតាងបង្ហាញថា វីរុស JN.1 ជាប្រភេទបំប្លែងមកពីវីរុសអូមីក្រុងមុនៗណាឡើយ។ យ៉ាងណាមិញ វីរុសអូមីក្រុង JN.1 ត្រូវបានកត់សម្គាល់ថា វាបង្កឱ្យអ្នកដែលបានឆ្លងលេចចេញនូវរោគសញ្ញាធ្ងន់ធ្ងរជាងវីរុសអូមីក្រុងប្រភេទផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC)។
វីរុសកូវីដ-១៩អូមីក្រុងបំប្លែងខ្លួនថ្មីប្រភេទ JN.1 មានលក្ខណៈខុសប្លែកយ៉ាងណាខ្លះពីប្រភេទផ្សេងទៀត?
បើតាមលោកស្រីវេជ្ជបណ្ឌិត Minji Kang អ្នកឯកទេសជំងឺឆ្លង នៃនាយកដ្ឋានឱសថនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UT ភាគនិរតីទីក្រុងDallas ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានលើកឡើងថា៖ “JN.1 ស្រដៀងទៅនឹងវីរុសអូមីក្រុងដទៃទៀត ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ឈឺបំពង់ក កកស្ទះ និងហៀរសំបោរ ក្តៅខ្លួន ញាក់ ក្អក និងអស់កម្លាំង”។
ចំណែកលោកស្រីវេជ្ជបណ្ឌិត Pavitra Roychoudhury សហការីផ្នែកវ៉ាក់សាំង និងជំងឺឆ្លងនៃមជ្ឈមណ្ឌលមហារីក Fred Hutchinson និងជាជំនួយការស្រាវជ្រាវនៅសាកលវិទ្យាល័យ Washington ក្នុងទីក្រុង Seattle បានឱ្យដឹងថា៖ “ការផ្លាស់ប្តូរមួយចំនួននៃរោគសញ្ញាវីរុសកូវីដ–១៩ អាចនឹងបន្តក្នុងរយៈពេលខាងមុខយូរទៀត ដោយសារវីរុសនៅតែបន្តផ្លាស់ប្តូរ និងវិវត្តន៍”។ លោកស្រីបន្តថា៖ “រោគសញ្ញាពិតជាអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែខ្ញុំមិនទាន់ដឹងពីការផ្លាស់ប្តូរសំខាន់ៗណាមួយនៃរោគសញ្ញានៅក្នុង JN.1 នៅឡើយទេ”។
តើវីរុសអូមីក្រុង JN.1 ធ្វើឱ្យអ្នកជំងឺមានអាការៈរោគរូសមែនឬទេ?
ក្នុងព័ត៌មានបច្ចុប្បន្នភាពរាប់ចាប់ពីចុងខែធ្នូ ឆ្នាំ២០២៣មក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) បង្ហាញថា៖ អាការៈដែលអ្នកជំងឺបានឆ្លងវីរុសអូមីក្រុង JN.1 មានដូចជា៖ តឹងច្រមុះ ឬហៀរសំបោរ ឈឺបំពង់ក អស់កម្លាំង ឈឺក្បាល ក្អក ឈឺសាច់ដុំ គ្រុនក្តៅ ឬញាក់ ក្អួតចង្អោរ រាគ ពិបាកដកដង្ហើម និងការបាត់បង់រសជាតិ ឬក្លិនជាដើម។ល។ មនុស្សមួយចំនួនដែលបានឆ្លងវីរុសអូមីក្រុង JN.1 បានរៀបរាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា វីរុសនេះបង្កផលអាក្រក់ចំពោះការរំលាយអាហារ ដោយធ្វើឱ្យមានអាការៈរាគរូស ជាងវីរុសបំប្លែងមុនៗ។
ជុំវិញបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត Minji Kang មាននិយាយថា៖ “មានការប៉ាន់ស្មានថាវីរុស JN.1 អាចបង្កបញ្ហាដល់ក្រពះពោះវៀនកាន់តែច្រើន ដែលជាហេតុនាំឱ្យអ្នកជំងឺលេចឡើងនូវអាការៈរាគរូស ប៉ុន្តែមិនទាន់មានការសិក្សាច្បាស់លាស់ណាមួយដែលអះអាងលើអាការៈនេះនោះទេ”។
វីរុសអូមីក្រុង JN.1 អាចឆ្លងរីករាលដាលលឿនរហ័សបំផុត
JN.1 ជាវីរុសអូមីក្រុងមួយ ដែលមានសមត្ថភាពចម្លងពីមនុស្សម្នាក់ទៀតមនុស្សម្នាក់ទៀតបានយ៉ាងងាយបំផុត។ JN.1 គឺជាសែស្រឡាយនៃអម្បូរវីរុសកូវីដ-១៩ ប្រភេទBA.2.86។ វីរុសអូមីក្រុងទាំងពីរនេះ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ហើយក៏មានការផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំងផងដែរ។ វីរុសអូមីក្រុង JN.1 មានSpikeប្រូតេអ៊ីនដែលងាយតោងភ្ជាប់ទៅនឹងកោសិការបស់មនុស្ស និងអនុគ្រោះឱ្យវាអាចឆ្លងបានកាន់ងាយ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសុខភាពសាធារណៈ។
លោកស្រីវេជ្ជបណ្ឌិត Pavitra Roychoudhury ថា៖ “ករណីឆ្លងវីរុសអូមីក្រុង JN.1 កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយលក្ខណៈពិសេសរបស់វា គឺអាចគេចចេញពីភាពប្រព័ន្ធស៊ាំរបស់មនុស្ស ឬអាចជួយបើកឱកាសឱ្យជំងឺផ្សេងៗទៀតវាយលុកទៅលើប្រព័ន្ធរាងកាយ ឬសុខភាពមនុស្សដែលបានឆ្លងវា”៕