រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទូតអឺរ៉ុប និងទូតអាល្លឺម៉ង់ ធ្វើទស្សនកិច្ច និងដាំកូនឈើ នៅតំបន់ព្រៃលិចទឹក រ៉ាមសារ ព្រែកទាល់
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា រួមជាមួយសមាជិកជាច្រើនរូបផ្សេងទៀត បានធ្វើទស្សនកិច្ច និងដាំកូនឈើ នៅតំបន់ព្រៃលិចទឹក រ៉ាមសារ ព្រែកទាល់នៅក្នុងភូមិសាស្រ្តបាត់ដំបង។
ដាំកូនឈើប្រមាណជាង២ពាន់ដើមនៅក្នុងតំបន់ព្រៃលិចទឹក បឹងទន្លេសាបនេះ ក្នុងគោលបំណងអភិរក្ស និងការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់នៃពពួកជីវៈចម្រុះនៅបឹងទន្លេសាប។ ម្យ៉ាងទៀត ក៏ជាការថែរក្សា ការពារបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជាផងដែរ។
ទស្សនកិច្ច និងការដាំកូនឈើនៅថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការForOurPlanet របស់សហភាពអឺរ៉ុប។ សម្រាប់កម្ពុជា យុទ្ធនាការ ForOurPlanet ជាគំនិតគំនិតផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្នុងការគិតគូរ និងការពារបរិស្ថាននៅកម្ពុជា ដែលមានភាពទូលំទូលាយចាប់តាំងពីគម្រោងអភិរក្ស និងកសិកម្មប្រកបដោយនិរន្តរភាពរហូតដល់ កិច្ចខិតខំប្រឹងប្រែងថាមពលកកើតឡើងវិញ និងកម្មវិធីបង្កើនការយល់ដឹងដល់សហគមន៍។
សកម្មភាពនានានៅក្នុងយុទ្ធនាការមានដូចជា EU កំពុងគាំទ្រយ៉ាងសកម្មចំពោះការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់សេដ្ឋកិច្ចបៃតង មានកម្រិតកាបូនទាប និងធន់នឹងអាកាសធាតុ។ ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយនិរន្តរភាពមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា និងការការពារជីវចម្រុះ និងព្រៃឈើដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាគឺជាទំនួលខុសត្រូវរួម។
យុទ្ធនាការ ForOurPlanet គឺជាយុទ្ធនាការរួមរបស់សហភាពអឺរ៉ុបដែលអំពាវនាវឱ្យមានសកម្មភាពដោះស្រាយវិបត្តិអាកាសធាតុ និងធម្មជាតិនៅទូទាំងពិភពលោក។ យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃ CoP27 និង CoP15 ក្នុងឆ្នាំ ២០២២ ហើយយុទ្ធនាការនេះ ត្រូវបានអនុវត្តដោយស្ថាប័ននៃសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល និងប្រតិភូសហភាពអឺរ៉ុបជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ គោលដៅចម្បងរបស់វា គឺដើម្បីលើកកម្ពស់ការយល់ដឹង និងអំពាវនាវឱ្យមានសកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមខាងបរិស្ថានដែលកាន់តែធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ។
សកម្មភាពដាំដើមឈើ និងស្តារធម្មជាតិឡើងវិញ និងសកម្មភាពពាក់ព័ន្ធដូចជា ការថែទាំដើមឈើ ការបណ្តុះកូនឈើ សកម្មភាពប្រឆាំងនឹងការកើនឡើងនៃដីខ្សាច់ ឬការរិចរិលដី។ សកម្មភាពអាកាសធាតុ គឺគំនិតផ្តួចផ្តើមដែលជំរុញការទទួលយកថាមពលកកើតឡើងវិញ បង្កើនប្រសិទ្ធភាពថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការអភិរក្សជីវៈចម្រុះ មានកិច្ចខិតខំប្រឹងប្រែងដែលផ្តល់អាទិភាពដល់ការការពារព្រៃឈើ សមុទ្រ និងប្រព័ន្ធអេកូឡូស៊ីចម្រុះ។
ជាមួយគ្នានេះ គឺការការពារមហាសមុទ្រ ដោយគម្រោងមានគោលបំណងកាត់បន្ថយការបំពុលសមុទ្រ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងគាំទ្រវិធីសាស្ត្រនេសាទប្រកបដោយនិរន្តរភាព។ ការគ្រប់គ្រងកាកសំណល់ ដែលជាយុទ្ធសាស្រ្ត ដើម្បីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការ បង្កើតកាកសំណល់។ ចុងក្រោយ គឺការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើជាម្ចាស់នៃបច្ចេកទេសកសិកម្មស្របតាមប្រព័ន្ធអេកូឡូស៊ី «គ្មានការកាប់បំផ្លាញព្រៃឈើ» ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសកម្មភាពកសិកម្ម៕