ប្រធានសហព័ន្ធ ៖ ការប្រកួតកីឡាថ្នាក់ជាតិជាការលើកកម្ពស់នូវកេរ្តិ៍មរតក និងអត្តសញ្ញាណជាតិ
ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣បានបើកការប្រកួតជាផ្លូវការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ខណៈប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រំពឹងថា កាប្រកួតនេះគឺជាការលើកកម្ពស់នូវកេរ្តិ៍មរតក និងអត្តសញ្ញាណជាតិ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ នេះគឺជាការលើកកម្ពស់នូវកេរ្តិ៍មរតក និងអត្តសញ្ញាណជាតិផង ព្រមទំាងការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេស កំលាំងអំណត់ និងបទពិសោធន៍ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានធ្វើការហ្វឹកហាត់កន្លងមក ហើយក៏ជាការជ្រើសរើសកីឡាករ កីឡាករីដែលមានសក្តានុពលហ្វឹកហាត់ត្រៀមលក្ខណៈទៅ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃខាងមុខនេះ ផងដែរ។
លោកប្រធានបានបន្តថា កន្លងមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានដោយជោគជ័យ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះប្រតិភូដឹកនាំ សមាគម រាជធានី ខេត្ត កីឡាប្រដាល់គុនខ្មែរទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួន មកចូលរួមក្នុងការប្រកួតប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរឲ្យមានការរីកចំរើន។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយ បន្តចូលរួមសហការ គាំទ្រ ឧបត្ថម្ភក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យមានការរីកចម្រើនទាំងនៅក្នុងនិងក្រៅប្រទេស និងនៅលើឆាកអន្តរជាតិ។
សមាគមកីឡាក្រសួង រាជធានី ខេត្ត ចូលរួមសរុបចំនួន ១៥ កីឡាករ កីឡាការិនី ១៧៧ នាក់ (នារី២៩នាក់) ប្រតិភូ គ្រូបង្វឹក ៣០នាក់ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមចំនួន ៨៨នាក់ សរុបរួមចំនួន ២៦៥នាក់។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ មានការកើនឡើងទាំងសមាគម និងកីឡាករ-កីឡាការិនី ជាពិសេសកីឡាការិនី សម្រាប់វិញ្ញាសាដែលត្រូវរៀបចំប្រកួត សរុបមានចំនួន ១៨។