ការធ្វើតេស្តឈាមអាចវិភាគរកជំងឺវង្វេងវង្វាន់Alzheimerដល់ទៅជាង៩០ភាគរយ

បើយោងតាមការសិក្សាបង្ហាញថា ការធ្វើតេស្តឈាមអាចមានលទ្ធភាពវិភាគរកជំងឺវង្វេងវង្វាន់ ឬជំងឺ Alzheimer រហូតដល់ទៅប្រមាណ៩៥ភាគរយ ការណ៍នេះធ្វើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការរបាយការណ៍ផ្សព្វផ្សាយដោយបណ្ដាញផ្សព្វផ្សាយទាក់ទងផ្នែកសុខភាពអាមេរិក JAMA Neurology ចុះផ្សាយដោយបណ្ដាញសារព័ត៌មានសុខភាព EverydayHealth នៅថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៤។

ការធ្វើតេស្តឈាមអាចកំណត់នូវប្រូតេអ៊ីនឈ្មោះថា phosphorylated TAU 217 (p-tau217) ដែលកើនឡើងនៅក្នុងរាងកាយក្នុងពេលតែមួយជាមួយនឹងប្រូតេអ៊ីន beta-amyloid និង tau ដែលប្រមូលផ្តុំនៅក្នុងខួរក្បាល។ ការកើនឡើងនៃសារធាតុ beta-amyloid ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជារោគសញ្ញានៃជំងឺ Alzheimer។ នេះបើយោងតាមការបញ្ជាក់របស់សមាគម Alzheimer។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានឱ្យដឹងថា ភាពជាក់លាក់ដែលបានមកពីការធ្វើតេស្តឈាម p-tau217 មានសមត្ថភាពវិភាគរកជំងឺវង្វេងវង្វាន់ Alzheimer បានក្នុងអត្រាខ្ពស់មិនចាញ់ការស្កេនវិភាគ PET (Positron Emission Tomography) ឬការស្កេនខួរឆ្អឹងខ្នងនោះទេ។

លោកវេជ្ជបណ្ឌិត Howard Fillit, MD អ្នកឯកទេសផ្នែកជំងឺវង្វេងវង្វាន់(Alzheimer) បានលើកឡើងថា៖ ការស្កែន PET ពេលខ្លះមិនអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនោះទេ ហើយត្រូវការការចាក់សារធាតុវិទ្យុសកម្ម ដើម្បីណពិនិត្យមើលលើអាមីឡូអ៊ីត(Amyloids)និង tauនៅក្នុងខួរក្បាល ខណៈដែលការស្កេនវិភាញឆ្អឹងខ្នងប្រឈមនឹងគ្រោះថ្នាក់ និងចំណាយពេលច្រើន។ ចំណែកឯការធ្វើតេស្តឈាមវិញមានតម្លៃធូរថ្លៃ​ និងងាយស្រួល។

យោងតាមការសាកល្បងសម្រាប់ការសិក្សាលើធ្វើតេស្តឈាម ស្កេនខួរក្បាល និងស្កេនខួរឆ្អឹងខ្នង ដែលគេបានយកពីមនុស្សពេញវ័យ ៧៨៦នាក់ នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងអេស្ប៉ាញ បង្ហាញថា អ្នកចូលរួមជាមធ្យមមានអាយុ ៦៦ឆ្នាំ ហើយក្នុងនោះមាន១ភាគ៣ជាអ្នកខ្សោយការចងចាំ ឬមនុស្សភ្លេចភ្លាំង។ នៅពេលដែលអ្នកវិទ្យាសាស្ត្រធ្វើការប្រៀបធៀបការធ្វើតេស្តឈាម p-tau217 ទៅនឹងការស្កេនខួរឆ្អឹងខ្នង និងការស្កែន PET ពួកគេបានរកឃើញថា លទ្ធផលដែលបង្ហាញពីស្ថានភាពខួរក្បាលដែលទាក់ទងនឹងជំងឺ Alzheimer គឺមានចំនួនស្មើគ្នា។

 

ស្ថានភាពជំងឺAlzheimer នៅលើពិភពលោក ចំពោះប្រទេសឧស្សាហកម្មរីកលូតលាស់មួយចំនួន ដូចជា ប្រទេសជប៉ុន រុស្សី ហុងកុង កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលលក្ខខណ្ឌសុខភាពនៃប្រទេសទាំងនោះមានការរីកចម្រើន​ជាហេតុ​ធ្វើឱ្យមនុស្សមានអាយុវែង។ ទន្ទឹមនឹងការរីកចម្រើនផ្នែកសុខមាលភាពប្រជាជន និងផ្នែកសេដ្ឋកិច្ចប្រទេស​ទាំងនោះត្រូវបានបង្ហាញថា មានលេចចេញនូវអ្នកជំងឺ  Alzheimer ច្រើនគួរឱ្យកត់សម្គាល់ ដែលផ្ទុយពីប្រទេសចិន និងប្រទេសឥណ្ឌា។ ដោយឡែក ចំពោះប្រទេសកម្ពុជាពុំទាន់មានការសិក្សាណាមួយ​ដែលបង្ហាញពីទិន្នន័យច្បាស់លាស់អំពីភាគរយនៃជំងឺនេះទេ ប៉ុន្តែជាក់ស្តែងចំពោះមន្ទីរពេទ្យព្រះកុសុមៈក៏ធ្លាប់បានទទួលអ្នកជំងឺ Alzheimer សម្រាកព្យាបាលa និងពិគ្រោះមួយចំនួនធំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds