ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ ក្រោយគាបយកលុយពីយុវជន៥នាក់
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះម្នាក់ជាមន្ត្រីនគរបាល នៃប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ និង២នាក់ទៀតជាប្រជាការពារ ក្រោយពីធ្វើសកម្មភាពគាបយកលុយពីយុវជន៥នាក់នៅពេលយប់។
យោងតាមរបាយការណ៍របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០មករានេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ កម្លាំងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។
ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យុវជនចំនួន៥នាក់ បានចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ក្រោយទទួលព័ត៌មាននេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារអោយ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែង យកប្រាក់។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕