លោកស្នងការក្រុង បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ឃាត់ពិនិត្យ​​រថយន្ត​បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស

ភ្នំពេញ ៖ ​បន្ទាប់ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ បាន​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​មួយ​ចំនួន បាន​បំពាក់​អំ​ពូ​ល LED នៅ​ផ្នែក​ខាងក្រោយ​រថយន្ត ប៉ុន្តែ​អំ​ពូ​ល​នេះ បាន​ប៉ះពាល់​ដល់​អ្នកបើកបរ​ពីក្រោយ ស្រប​ទិស​គ្នា ដែល​ចាំង​ខ្លាំង រហូត​មើលផ្លូវ​មិនឃើញ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាំង​១៤​ខណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ត្រួតពិនិត្យ​អំ​ពូ​ល​ភ្លើង ឧបករណ៍ កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដទៃ។

ការដាក់បទបញ្ជានេះ ក្រោយប្រជាពលរដ្ឋ​ខ្មែរ កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​រថយន្ត ដែល​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​បំពាក់​ភ្លើង​បំភ្លឺ កែ​ច្នៃ​បន្ថែ​មអំ​ពូ​ល​ឡាស៊ែរ ឫ LED ប្រើ​មិន​ត្រឹមត្រូវ ខុស​លក្ខណៈ​បច្ចេកទេស បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​រួមចំណែក​ធ្វើ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ផង​ដែរ ខណៈ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាមួយ​គ្នា​ជួប​ការ​ប្រឈម និង​ចង់​ឲ្យ​សមត្ថកិច្ចមាន​ចំណាត់ការ​លើ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។

លោកស្នងការ បាន​បញ្ជាក់​ច្បាស់​ៗ​ថា ក្នុង​ករណី​ម្ចាស់​យានយន្ត​មានការ​បំពាក់ និង​កែ​ច្នៃ​អំ​ពូ​ល​ភ្លើង ឧបករណ៍ ខុស​លក្ខណៈ​បច្ចេកទេស​បែប​នេះ សូម​ធ្វើការ​ដក​ចេញ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​នោះ​ទេ សមត្ថកិច្ច នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង​ដល់​ម្ចាស់​រថយន្ត​កែ​ច្នៃ និង​ជា​ពិសេស​រាល់​ម្ចាស់​យានយន្ត​ទាំងអស់ ក៏​ត្រូវ​នាំ​គ្នា​ពិនិត្យ​យានយន្ត​ផ្ទាល់ខ្លួន ដែល​បំពាក់​ឧ​បករ​ណ៌​ខុស​បច្ចេកទេស​ខុសច្បាប់ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ត្រូវ​ដោះ​ចេញ​ឲ្យ​បាន​មុន​ពេល ដែល​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ចាត់វិធានការ​ចំពោះ​ការ​កែ​ច្នៃ​បំពាក់​ខុស​បច្ចេកទេស​នេះ។

តាម​មាត្រា​៣០ នៃ​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​កម្ពុជា បាន​ចែង​ថា ការ​បំពាក់​សួរ​សព្ទ ភ្លើង​បំភ្លឺ ឬ​ភ្លើង​លំអ​ផ្សេង​ៗ​ទៀត ក្រៅពី​ការ​កំណត់​លក្ខណៈ​បច្ចេកទេស​របស់​យានជំនិះ ត្រូវ​ហាមឃាត់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds