អ្នកនាំពាក្យ៖ ករណីឃាត់ខ្លួនមន្ត្រីនគរបាលខេត្តស្ទឹងត្រែង និបក្ខពួកកម្លាំងជំនាញបានរកឃើញគ្រឿងញៀនជិត៨គីឡូក្រាម និងកំពុងបន្តនិតិវិធី គ្រោងបញ្ជូនសំណុំរឿងទៅតុលាការ

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងថា ករណីឃាត់ខ្លួនមន្ត្រីនគរបាលមួយរូប និងបក្ខពួកម្នាក់នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅខណ្ឌច្បារអំពៅ កម្លាំងជំនាញបានរកឃើញគ្រឿងញៀនជិត៨គីឡូក្រាម និងកំពុងបន្តនិតិវិធី គ្រោងបញ្ជូនសំណុំរឿងទៅតុលាការ។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការឃាត់ខ្លួននេះកម្លាំងជំនាញបានរកឃើញថ្នាំញៀនសរុបជិត៨គីឡូក្រាម ជាប្រភេទ កេតកាមីន និងអ៊ីចស្ដ្រាស៊ី។ លោកបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួន មានម្នាក់ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ខណៈដែលជនសង្ស័យបើករថយន្ដឆ្លងកាត់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ដ្រខណ្ឌច្បារអំពៅ។

ជនសង្ស័យចំនួន២នាក់មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ក្រៅពីគ្រឿងញៀន កម្លាំងសមត្ថកិច្ចក៏បានរកឃើញស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ថែមថា មកដល់រសៀលថ្ងៃទី២៩មករានេះ កម្លាំងជំនាញបាននឹងកំពុងសាកសួរតាមនិតិវិធី ​និងគ្រោងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅតុលាការដើម្បីអនុវត្តនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ការឃាត់ខ្លូនមន្ត្រីនគរបាលរួមទាំងបក្ខពួកពាក់ព័ន្ធនឹងគ្រឿញញៀនជិត៨គីឡូនេះ បានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ ខណៈដែលកម្លាំងការិយាល័យ​​នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds