ឥណ្ឌានិងបារាំង ព្រមព្រៀងផលិតសម្ភារការពារជាតិរួមគ្នា

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ទីក្រុងញូវដែលីបានប្រកាសឱ្យដឹងថា ឥណ្ឌានិងបារាំងបានព្រមព្រៀងធ្វើការជាមួយគ្នា ស្តីពីការផលិតសម្ភារការពារជាតិរួមគ្នា ដែលមានទាំងឧទ្ធម្ភាគចក្រនិងនាវាមុជទឹកផងដែរ សម្រាប់កងកម្លាំងប្រដាប់អាវុធឥណ្ឌាផ្ទាល់ និងសម្រាប់នាំចេញទៅកាន់ប្រទេសជាមិត្តដទៃទៀត។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងញូវដែលី បានបន្តថា កិច្ចព្រមព្រៀងខាងលើត្រូវសម្រេចបាន អំលុងការបំពេញទស្សនកិច្ចរបស់ ​ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងបានចូលរួមពិធីលាងសាយភោជន៍ ដែលរៀបចំដោយប្រធានាធិបតីឥណ្ឌា លោកស្រី Draupadi Murmu។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា លោក Macron និង លោក Modi បានឯកភាពគ្នាពង្រីកចំណងទាក់ទងទ្វេភាគី ក្នុងវិស័យដូចជា ការ​ផលិតសម្ភារការពារជាតិ ថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវផ្នែកអវកាស និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់សេវាសាធារណៈ ដូចជាការប្រែប្រួលអាកាសធាតុ សុខាភិបាល និងកសិកម្ម ជាដើម។ យ៉ាងណាមិញ ពុំមានការបញ្ជាក់អំពីទំហំទឹកប្រាក់ នៃកិច្ចព្រមព្រៀងណាមួយឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៉ី បារាំងគឺជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេឱ្យឥណ្ឌា ខណៈទីក្រុងញូវដែលី បានពឹងផ្អែកលើយន្តហោះចម្បាំងរបស់​បារាំង អស់រយៈពេលប្រមាណ៤ទសវត្សរ៍មកហើយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds