កម្ពុជា នឹងផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងជំនាញ ដើម្បីគាំទ្រដល់ម៉ុងហ្គោលីបោសសម្អាតមីនប្រឆាំងមនុស្ស
(ស្វីស)៖ ថ្លែងក្នុងជំនួបប្រជុំទ្វេភាគីនេះជាមួយលោកស្រី Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសម៉ុងហ្គោលី ប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ុងហ្គោលី ក្នុងរយៈពេលកន្លងមក និងបានកោតសរសើរខ្ពស់ចំពោះប្រទេសម៉ុងហ្គោលីដែលបានចូលជារដ្ឋសង្កេតការណ៍ក្នុងអនុសញ្ញាអូតាវ៉ា និងបានចូលរួមគាំទ្រ និងចូលរួមសកម្មភាពនានារបស់អនុសញ្ញា។
លោកបណ្ឌិត លី ធុជ បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការកៀរគរជំនួយ និងផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងជំនាញ ដើម្បីគាំទ្រដល់ម៉ុងហ្គោលីបោសសម្អាតមីនប្រឆាំងមនុស្ស និងគាំទ្រដល់ម៉ុងហ្គោលីអនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។
ប្រទេសម៉ុងហ្គោលី ធ្លាប់បានប្តេជ្ញាចិត្តចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក៏ប៉ុន្តែដោយសារកត្តាមួយចំនួន ដែលក្នុងនោះរួមបញ្ចូលទាំងកង្វះថវិកាផងដែរ បានធ្វើឱ្យម៉ុងហ្គោលីមិនទាន់មានលទ្ធភាពចូលរួមជារដ្ឋភាគីបាន។
ជាការឆ្លើយតប លោកស្រី Davaasuren Gerelmaa បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធាន និងបានសន្យាលើកសំណើរបស់កម្ពុជាបន្តទៅកាន់រដ្ឋាភិបាលម៉ុងហ្គោលីដើម្បីពិចារណា និងស្នើឱ្យមានកិច្ចពិភាក្សាបន្តរវាងកម្ពុជា និងស្ថាប័នសំខាន់ៗមួយចំនួនរបស់ប្រទេសម៉ុងហ្គោលី៕