លោកសេង ម៉ៅ៖ បើទោះបីជាអាយុជិ៤០ឆ្នាំក៏ដោយ ក៏នៅសង្វាតជំនាញបច្ចេកទេសព្រោះចង់បើករបនៅស្រុកកំណើត
លោក សេង ម៉ៅ មានអាយុ៣៨ឆ្នាំ ជាសិក្ខាកាមកំពុងសិក្សាជំនាញជួសជុលរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើទោះបីមានអាយុជិតជិត៤០ឆ្នាំក៏ដោយ ក៏សិក្ខាកាមមកពីខេត្តបាត់ដំបងរូបនេះ នៅតែសង្វាតជំនាញបច្ចេកទេសដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន។
លោកថា បន្ទាប់ពីបញ្ចប់ការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈពេល៤ខែនៅទីនេះខ្ញុំរំពឹងថាអាចមានសមត្ថភាពសមរម្យក្នុងការបើកកន្លែងរកស៊ីបានដោយខ្លួនឯង ត្បិតរូបលោកក៏ធ្លាប់ស្គាល់ខ្លះៗមករួចហើយដែរជំនាញប្រភេទនេះកន្លងមក»។
លោកអំពាវនាវឱ្យ យុវជនទាំងអស់គួរមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ដើម្បីធានាថាខ្លួនឯងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើគ្រប់គ្នាៗនាពេលអនាគត អាចស្រោចស្រង់ជីវភាពគ្រួសារបាន។ កាលណាយើងមានជំនាញមួយច្បាស់លាស់ក្នុងខ្លួននោះវាមិនធ្វើឱ្យយើងគ្មានការងារធ្វើនោះទេ។
លោកមើលឃើញថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនេះគឺជាការផ្តួចផ្តើមមួយល្អណាស់សម្រាប់យុវជនក្រីក្រ និងយុវជនទូទៅ ពីព្រោះវាអាចកែប្រែអនាគតរបស់យុវជនពីគ្មានជំនាញ មកមានជំនាញ និងពីការបោះបង់ការសិក្សាមកត្រលប់ចូលសាលាបណ្តុះបណ្តាលវិញ។
គូសបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤ នោះបានបោះជំហានទៅមួយកម្រឹតទៀតហើយ ដែលកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាស់បើកជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូង៕