សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ រកមនុស្សមួយក្រុមដែលកៀបស៊ីលុយពីយុវជននៅតាមបណ្តោយផ្លូវវេងស្រេង
ភ្នំពេញ ៖ បន្ទាប់ពីមានករណីមនុស្សមួយក្រុមចាប់ឃាត់ម៉ូតូ និងកៀបស៊ីលុយពីយុវជននៅតាមដងផ្លូវនាពេលរាត្រី ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង នៅចំណុចការ៉ាសសាំងតេឡា ស្តុបលូ៥ ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ក្រុមប្រតិកម្មរហ័សរបស់ស្នងការក្រុងភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាង ដើម្បីពិនិត្យផ្ទៀងផ្ទាត់។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជាសាធារណៈតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបកស្រាយថា «ក្រោយឃើញថា ការផ្សព្វផ្សាយនៅយប់ថ្ងៃដដែល សមត្ថកិច្ចបានកោះហៅយុវជនទាំង៥នាក់ មកសួរនាំបំភ្លឺ»។
ក្រោយពីបំភ្លឺរួច យុវជនទាំង៥នាក់បានប្រាប់ថា «មិនមែនជាសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថា តើជាសមត្ថកិច្ចខាងណានោះឡើយ?។ ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវជាបន្ទាន់ស្វែងរកមុខសញ្ញា ដើម្បីអនុវត្តវិធានការច្បាប់»។
ដោយឡែកអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងថា «ឈានមកពេលនេះ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែដុតដៃដុតជើងធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាមួយវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ នៃស្ថានីយប្រេងឥន្ធនៈ ដើម្បីឱ្យប្រាកដថា តើសមត្ថកិច្ចដែលយុវជនចោទថា កៀបស៊ីលុយពួកគេនោះ ជាសមត្ថកិច្ចប៉ុស្តិ៍ នគរបាលមូលដ្ឋាន ឬក៏យ៉ាងណា? ហើយនៅពេលដែលទទួលបានលទ្ធផលយ៉ាងណានោះ និងប្រកាសជូនជាសាធារណៈនៅពេលក្រោយ»។
សូមបញ្ជាក់ផងដែរថា កាលពីរាត្រីរំលងអធ្រាត្រទៀបភ្លឹឈានចូលថ្ងៃ២៥ ខែមករា ឆ្នាំ២០២៤ មនុស្សអាថ៌កំបាំងមួយក្រុមនោះ ដែលតាំងខ្លួនជាកងកម្លាំងមានសមត្ថកិច្ច បាននាំគ្នាជិះម៉ូតូប្រដេញយុវជនមួយក្រុមនៅតាមបណ្តោយផ្លូវវេងស្រេង នៅចំណុចការ៉ាសសាំងតេឡា ស្តុបលូ៥ ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣។
យោងតាមការរៀបរាប់របស់ក្រុមយុវជនរងគ្រោះ ដោយពួកគេបានអះអាងឱ្យដឹងថា «ការកៀបស៊ីលុយនេះ មិនមែនទើបតែជួបលើកទី១នោះទេ ប៉ុន្តែគឺច្រើនដងមកហើយ គ្រាន់តែរាល់ដងអស់ត្រឹមតែ២ម៉ឺនទៅ៣ម៉ឺនរៀល ខុសពីលើកនេះ ដោយសារមិត្តភក្តិខ្លួនមានចិញ្ចៀន ទើបត្រូវបានក្រុមទាំងនោះ បង្ខំឱ្យយកចិញ្ចៀន និងទូរស័ព្ទទៅបញ្ចាំរួចយកលុយមកឱ្យពួកគេ។ ក្រោយពីបានលុយតាមការទាមទារហើយ ក្រុមទាំងនោះក៏ជិះចេញទៅវិញបាត់អស់ដោយសុវត្ថិភាពទៅ»៕