នាវាទេសចរណ៍ Westerdam បានត្រឡបចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត

(ព្រះសីហនុ)៖ បន្ទាប់ពីចាកចេញ ក្នុងរយៈពេលខ្លី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ Westerdam បានត្រឡបចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត ជាមួយភ្ញៀវទេសចរជិត២ពាន់នាក់។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាWesterdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង៧៖៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង៩៖០០នាទី ថ្ងៃខែឆ្នាំដដែល។ នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន៩៨៦នាក់ ហើយមាន៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន១២៨នាក់ និង ៣៧សញ្ជាតិ។

ចំពោះសញ្ជាតិ ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន៥៩នាក់ ស្រី២៨នាក់ និងមាន៤សញ្ជាតិ។

ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានា ក្នុងក្រុងព្រះសីហនុ មានដូចជាទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាពព្រមទាំងការសម្របសម្រួល ពីអាជ្ញាធរក្រុង-ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយសុវត្ថិភាព។

គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds