យុវជនមកពីគ្រួសារក្រីក្រ ចាប់អារម្មណ៍កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ថាអាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត

បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ ប្រាក់ចំណូមសមរម្យ។

យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បានលើកឡើងថា «ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថា តាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។ ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថា ខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

យុវតីបន្តថា «រៀនអត់អស់លុយហើយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ជាពិសេសនោះរៀនត្រឹមតែ៤ខែយើងអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិតនាពេលអនាគត។ ខ្ញុំគ្រាន់តែលឺដំណឹងនេះភ្លាម ខ្ញុំក៏ប្រញាប់មកដាក់ពាក្យរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះតែម្តង»។

ដោយឡែកយុវជន រ៉ា សុភាព ដែលកំពុងរៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានអោយដឹងថា «ជីវភាពខ្ញុំក្រណាស់ ហើយខ្ញុំគ្មានលទ្ធភាពរៀនបន្តទេ។ កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំអាចរៀនជំនាញបានដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភចំនួន៧០ដុល្លារក្នុងមួយខែទៀត ជាពិសេសខ្ញុំអាចមានជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ បន្ទាប់ពីការសិក្សារយៈពេល៤ខែ»។ យុវជនរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះ គឺជាឱកាសល្អមួយសម្រាប់យុវជនមកពីគ្រួសារក្រីក្រដូចរូបខ្លួន ក្នុងការចាប់យកជំនាញច្បាស់លាស់សម្រាប់ជីវិតរបស់ពួកគេ។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds