ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជានៅតែចូលរួមថែរក្សាសុខសន្តិភាព នៅតាមបណ្តាប្រទេសនានា បន្តទៀត
ភ្នំពេញ ៖ថ្លែងក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍ លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជានៅតែចូលរួមថែរក្សាសុខសន្តិភាព នៅតាមបណ្តាប្រទេសនានា បន្តទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គោរពតាមច្បាប់រដ្ឋធម្មនុញ្ញខ្លួន និងស្ថិតក្រោមឆ័ត្ររបស់អង្កការសហប្រជាជាតិ (UN) «ច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣ បានបញ្ជាក់ថា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ព នៅក្រៅប្រទេស បើមិនស្ថិតក្នុងក្រោមឆ័ត្រអង្កការសហប្រជាជាតិទេ។ អ៊ីចឹងយើងនឹងបន្តចូលរួមជាមួយយន្ត ការរបស់អង្កការ UN ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព នៅតាមបណ្តាប្រទេសផ្សេងទៀត» ។
ការចូលរួមថែរក្សាសុខសន្តិភាពនេះ ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ដោយសារកម្ពុជា បានយល់ និងធ្លាប់ឆ្លងកាត់រួចហើយ។ កម្ពុជាបានយល់អំពីការលំបាក នៃសង្គ្រាម និងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋ ដោយសារសង្គ្រាម ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កងទ័ពជើងគោក បានចូលរួមធ្វើកំណែទម្រង់ជាច្រើន ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ដើម្បីក្លាយជាកងទ័ពមួយ ដែលមានស្មារត័រឹងមាំជាជាតិតែមួយ ហើយពង្រឹងសមត្ថភាពខ្លួន ដើម្បីការងារទឹកដីរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ។
សម្តេចធិបតី បានបន្តថា នៅក្នុងតំណាក់កាលបច្ចុប្បន្ន និងទៅអនាគត ឬពីឆ្នាំ២០២៣ ទៅថ្ងៃអនាគត់នេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ នូវគោលនយោបាយជាច្រើន ដើម្បីកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងនោះ ការចូលរួមរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានកងកម្លាំងនគរបាលជាតិ កងកម្លាំងយោធពលខេមភូមិន្ទ ត្រូវតែជាកម្លាំងស្នួល ក្នុងការថែរក្សាបរិស្ថាន ដើម្បីការអភិវឌ្ឍ ។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា «សុខសន្តិភាព ត្រូវតែថែរក្សាឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ស្ថេរភាពសង្គម និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋ ត្រូវតែធ្វើឲ្យបាន ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន» ។
សម្តេចធិបតី បានបន្ថែមថា កងទ័ពមានពិតជាមានសារសំខាន់ ហើយនិយាយដោយឡែក កងទ័ពជើងគោក ត្រូវតែបង្កើតសម្ថភាពកងទ័ព ដើម្បីប្រតិបត្តិការទទួលបានជោគជ័យ។ កងកម្លាំងរបស់កម្ពុជាទាំងអស់ ពិតជាដើរតួនាទៅសំខាន់ណាស់ ក្នុងការថែរក្សាសុខសន្តិភាព ៕