មន្ត្រីនគរបាល៤ រូប បន្ថែមទៀត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ដោយសារតែប្រព្រឹត្តល្មើសវិន័យកងកម្លាំង
ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន៤ រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ដោយសារតែប្រព្រឹត្តល្មើសវិន័យកងកម្លាំង ។ នេះបើតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤។
សេចក្តីប្រកាសត្រង់ប្រការ១ បានសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។ មន្ត្រីនគរបាលដែលត្រូវបណ្ដេញចេញនេះ រួមមាន លោកពលបាលត្រី ទូច យុទ្ធា, លោកពលបាលត្រី តាំង គង់, លោកពលបាលត្រី ជូ ផល្លីឌីន និងលោកពលបាលត្រី ខៃ វណ្ណៈ ដែលបុគ្គលទាំង៤នេះ មានតួនាទីជាអនុប្រធានលេខាធិការដ្ឋាន។
ប្រការ២ នៃប្រកាសដដែលនេះ បានសម្រេចកាត់ផ្តាច់ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ៕