រយៈពេល២០ នៃការបង្កើតCJCC មានគោលដៅសំខាន់ចំនួន២
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ( CJCC) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋាភិបាលជប៉ុន តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារផ្តល់ជំនួយបច្ចេកទេស និងថវិកា។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនត្រូវបានបង្កើតឡើងក្នុងគោលដៅសំខាន់២ទី គឺ១៖ លើកកម្ពស់អភិវឌ្ឍសមត្ថភាពមូលធានមនុស្សក្នុងផ្នែកសហគ្រិនភាព និងគ្រប់គ្រងធុរកិច្ច ដើម្បីរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចទីផ្សាររបស់កម្ពុជាដែលមានលក្ខណៈប្រកួតប្រជែង និងផ្លាស់ប្តូរជាប្រចាំ និងទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលភាសាជប៉ុន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌និងការអប់រំរវាងប្រទេសទាំងពីរ។
នៅក្នុងឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានអាយុកាល២០ឆ្នាំហើយ ហើយកំពុងបន្តគម្រោងរបស់ខ្លួនក្នុងដំណាក់កាលទី៥ ដែលបានចាប់ផ្តើមពីខែមេសា ឆ្នាំ២០២២ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីដំណាក់កាលទី៥ តាមការរំពឹងទុក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងបន្តដំណាក់កាលទី៦ដែលមានរយៈកាល៣ ទៅ៥ឆ្នាំបន្ថែមទៀតគិតពីឆ្នាំ២០២៦។
ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងមានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌល ដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ដែលមានសាកលវិទ្យាល័យល្បីៗ ចំនួន០៥ ជាសមាជិក រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសាកលវិទ្យា ល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងមានការគាំទ្រពីបណ្តាស្ថាប័ន ក៏ដូចក្រុមហ៊ុនកម្ពុជា និងជប៉ុននៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលបានសម្រេចនូវសមិទ្ធិផលជាច្រើន៕