សម្តេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពដល់កងទ័ពស្របតាមស្ថានភាព នៃសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់កងទ័ពគ្រប់រូប ស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ និងថ្លែងអំណរគុណចំពោះកងយោធពលខេរភូមិន្ទ ដែលជានិច្ចកាលបានប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព និងសហការគ្នាបានយ៉ាងល្អ ក្នុងកិច្ចការពារនូវបូរណភាពទឹក អធិបតេយ្យភាព និងសន្តិសុខជូនជាតិ និង ប្រជាជនទាំងមូលនោះ។
តាមរយៈសារលិខិតជូនពរ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសូមថ្លែងនូវការគាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយ ជីវភាព ថវិការបបឧបត្ថម្ភផ្សេងៗ និងការបំពាក់សម្ភារៈស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការ ផ្តល់នូវកិត្តិយស និងការគោរពដោយសេចក្តីថ្លៃថ្នូរចំពោះកងយោពលខេមរភូមិន្ទ ក្នុងនៃការតបស្នងដល់គំ រូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កងយោធពលខេមរភូមិន្ទនៃយើង»។
ជាមូយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្ញើនូវសេចក្តីនឹករលឹក និង សេចក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងទ័ពជើងគោក ហើយជាមួយគ្នានោះសម្តេចក៏បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដោយស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រ កៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូ ទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយក៏បានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិនាពេលកន្លងមក ដែលពលិ កម្មយ៉ាងធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំ នួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះដោយសារសង្រ្គាម អំពើរភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀតជាដើមនោះ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់គោល ដៅដ៏សំខាន់ចំនួន២ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថេរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចេរភាព។ សុខសន្តិភាពស្ថិរភាពនយោបាយនិងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានពេលបច្ចុប្បន្ននេះ ជាពិសេស គឺយុទ្ធសាស្រ្តបច្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ ចេញនេះក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ចំពោះកងទ័ពជើងគោក នៃកង យោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណាកសាង ពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជាការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំនោះ៕